និក្ខមនំ 3:16-22 KHOV

16 ទៅ​ចុះ ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​ជាតិ​អ៊ីស្រា‌អែល ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អយ្យកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ទ្រង់​បាន​លេច​មក​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ថា អញ​បាន​មក​ប្រោស​ឯង​រាល់​គ្នា​ជា​ប្រាកដ​ហើយ ក៏​បាន​ឃើញ​ការ​ដែល​គេ​ធ្វើ​ដល់​ឯង​រាល់​គ្នា នៅ​ស្រុក​អេស៊ីព្ទ​ដែរ

17 ហើយ​អញ​បាន​សំរេច​ថា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​សេចក្ដី​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​វិញ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ

18 គេ​នឹង​ស្តាប់​តាម​ឯង ហើយ​ឯង និង​ពួក​ចាស់‌ទុំ​ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចូល​ទៅ​គាល់​ស្តេច​ស្រុក​អេស៊ីព្ទ​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ ទ្រង់​បាន​មក​ជួប​នឹង​យើង​ខ្ញុំ​រាល់​គ្នា​ហើយ ដូច្នេះ សូម​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ចំងាយ​ផ្លូវ​ដើរ​អស់​៣​ថ្ងៃ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា

19 តែ​អញ​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីព្ទ​នឹង​មិន​ព្រម​អនុញ្ញាត​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ទេ លើក​តែ​ដោយ​ដៃ​ខ្លាំង​ពូកែ​ប៉ុណ្ណោះ

20 អញ​នឹង​លើក​ដៃ​វាយ​ស្រុក​អេស៊ីព្ទ ដោយ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​នឹង​ធ្វើ​នៅ​កណ្តាល​ស្រុក​នោះ ក្រោយ​នោះ​មក ស្តេច​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ

21 អញ​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​បាន​ប្រកប​ដោយ​គុណ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​កាល​ណា​ចេញ​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​មិន​ទៅ​ដោយ​ដៃ​ទទេ​ឡើយ

22 គឺ​គ្រប់​ទាំង​ស្រីៗ​នឹង​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ និង​សំលៀក‌បំពាក់​ពី​អ្នក​ជិត​ខាង ហើយ​ពី​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​ជា​មួយ​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បំពាក់​ឲ្យ​កូន​ប្រុស​កូន​ស្រី​ឯង​វិញ ដូច្នេះ ឯង​រាល់​គ្នា​នឹង​បង្ហិន​ពួក​សាសន៍​អេស៊ីព្ទ​ទៅ។