និក្ខមនំ 3:5-11 KHOV

5 ទ្រង់​ក៏​បង្គាប់​ថា កុំ​ឲ្យ​មក​ជិត​នេះ​ឡើយ ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​ឈរ​នោះ​ជា​ដី​បរិសុទ្ធ

6 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា អញ​ជា​ព្រះ​នៃ​អយ្យកោ​ឯង គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប នោះ​ម៉ូសេ​ក៏​ខ្ទប់​មុខ ដ្បិត​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ។

7 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​បាន​ឮ​ពាក្យ​គេ​អំពាវ‌នាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ ពី​ព្រោះ​អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ

8 ដូច្នេះ​អញ​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ អញ​នឹង​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​យ៉ាង​ល្អ​ដ៏​ធំ​ទូលាយ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ឃ្មុំ​ហូរ‌ហៀរ​វិញ ជា​ទី​កន្លែង​របស់​ផង​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស

9 ដូច្នេះ​មើល ឥឡូវ​នេះ ពាក្យ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​គេ​អំពាវ‌នាវ​ដល់​អញ នោះ​បាន​ឮ​ហើយ ១​ទៀត​អញ​បាន​ឃើញ​ការ​លំបាក ដែល​សាសន៍​អេស៊ីព្ទ​សង្កត់‌សង្កិន​ដល់​គេ​ដែរ

10 ដូច្នេះ ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ផារ៉ោន ដើម្បី​ឲ្យ​ឯង​បាន​នាំ​រាស្ត្រ​អញ គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។

11 នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា តើ​ទូល‌បង្គំ​ជា​អ្វី ដែល​ព្រះ‌អង្គ​ឲ្យ​ទូល‌បង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូល‌បង្គំ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ