7 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានឃើញសេចក្ដីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ
8 ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះ និងឃ្មុំហូរហៀរវិញ ជាទីកន្លែងរបស់ផងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស
9 ដូច្នេះមើល ឥឡូវនេះ ពាក្យរបស់ពួកកូនចៅអ៊ីស្រាអែលដែលគេអំពាវនាវដល់អញ នោះបានឮហើយ ១ទៀតអញបានឃើញការលំបាក ដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនដល់គេដែរ
10 ដូច្នេះ ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅផារ៉ោន ដើម្បីឲ្យឯងបាននាំរាស្ត្រអញ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក។
11 នោះម៉ូសេទូលទៅព្រះថា តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដូច្នេះ
12 ទ្រង់មានព្រះបន្ទូលតបថា អញនឹងនៅជាមួយនឹងឯងជាប្រាកដ កាលណាឯងបាននាំគេចេញពីស្រុកអេស៊ីព្ទមក នោះឯងរាល់គ្នានឹងមកថ្វាយបង្គំព្រះនៅលើភ្នំនេះ នេះហើយនឹងបានជាទីសំគាល់ឲ្យឯងដឹងថា អញនេះបានចាត់ឯងទៅ
13 ម៉ូសេក៏ទូលទៅព្រះថា មើល កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ព្រះនៃអយ្យកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះនាមជាអ្វី នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្តេច