12 កាលណារាប់ចំនួនពួកកូនចៅអ៊ីស្រាអែលតាមបញ្ជីគេ នោះត្រូវឲ្យគេបង់ប្រាក់ ជាថ្លៃលោះខ្លួន ថ្វាយព្រះយេហូវ៉ាគ្រប់ៗគ្នា ដើម្បីកុំឲ្យកើតមានសេចក្ដីវេទនាណាមួយនៅក្នុងពួកគេ ក្នុងកាលដែលកំពុងតែរាប់ចំនួនគេនោះឡើយ
13 ឯអស់អ្នកដែលឆ្លងទៅខាងពួកអ្នកដែលបានរាប់ហើយ នោះត្រូវបង់ថ្លៃ៥កាក់ម្នាក់គ្រប់ៗគ្នា តាមប្រាក់ដែលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់ ឯ៥កាក់នេះជាដង្វាយថ្វាយព្រះយេហូវ៉ា
14 ពួកអ្នកទាំងប៉ុន្មានដែលត្រូវរាប់ក្នុងបញ្ជី តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះត្រូវបង់ថ្លៃថ្វាយជាដង្វាយដល់ព្រះយេហូវ៉ាគ្រប់ៗគ្នា
15 អ្នកមានមិនត្រូវបង់ឲ្យលើសទៅ ហើយអ្នកក្រក៏មិនត្រូវបង់ឲ្យខ្វះពី៥កាក់ សំរាប់ជាដង្វាយថ្វាយព្រះយេហូវ៉ា ដើម្បីនឹងលោះខ្លួននោះដែរ
16 ត្រូវឲ្យទទួលប្រាក់លោះខ្លួននោះពីពួកកូនចៅអ៊ីស្រាអែល សំរាប់ការងារក្នុងត្រសាលជំនុំ ដើម្បីឲ្យបានទុកជាសេចក្ដីរំឭក របស់ពួកកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា សំរាប់ជាដង្វាយលោះខ្លួន។
17 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
18 ត្រូវឲ្យធ្វើចានក្លាំ និងជើងពីលង្ហិន សំរាប់ការលាងសំអាត ហើយត្រូវដាក់នៅទីពាក់កណ្តាលត្រសាលជំនុំនឹងអាសនា រួចត្រូវដាក់ទឹកចុះ