19 នោះអើរ៉ុន និងពួកកូនលោក នឹងលាងដៃលាងជើងនៅត្រង់នោះ
20 កាលណាគេចូលទៅក្នុងត្រសាលជំនុំ ត្រូវឲ្យគេលាងនឹងទឹកនោះ ដើម្បីកុំឲ្យត្រូវស្លាប់ ហើយកាលណាចូលទៅជិតអាសនា ដើម្បីធ្វើការងារ ឬនឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា
21 នោះគេត្រូវលាងដៃលាងជើងដែរ ដើម្បីកុំឲ្យត្រូវស្លាប់ នេះជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុន និងពូជពង្សលោកអស់ទាំងដំណតរៀងទៅ។
22 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេទៀតថា
23 ចូរឲ្យយកគ្រឿងក្រអូបយ៉ាងវិសេស គឺជាជ័រល្វីងទេសសុទ្ធ៥០០ដំឡឹង សម្បុរល្វែងក្រអូបពាក់កណ្តាល គឺ២៥០ដំឡឹង ឫសកន្ធាយ២៥០ដំឡឹង
24 និងកំញាន៥០០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ហើយនឹងប្រេងអូលីវ៨កំប៉ុង
25 ត្រូវលាយចំរុះគ្នាធ្វើជាប្រេងសំរាប់បុណ្យចាក់លាបយ៉ាងបរិសុទ្ធ ដែលបានចំរុះលាយគ្នាតាមវិធីធ្វើនៃអ្នកផ្សំគ្រឿងក្រអូប ទុកសំរាប់ជាប្រេងចាក់លាបយ៉ាងបរិសុទ្ធ