និក្ខមនំ 32:11-17 KHOV

11 នោះ​ម៉ូសេ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​សេចក្ដី​ក្រោធ​ក្តៅ​ឡើង​ទាស់​នឹង​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ

12 ហេតុ​អ្វី​បាន​ជា​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ពាក្យ​ដំណិះ​ថា គឺ​ព្រះ​ចង់​ធ្វើ​អាក្រក់​ដល់​គេ​ហើយ បាន​ជា​នាំ​គេ​ចេញ​ទៅ ដើម្បី​នឹង​សំឡាប់​នៅ​ទី​ភ្នំ ហើយ​នឹង​បំផ្លាញ​គេ​ពី​ផែនដី​ចេញ​យ៉ាង​នេះ សូម​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ហើយ​ប្រែ​ព្រះ‌ហឫ‌ទ័យ ដែល​ទ្រង់​បាន​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​នោះ​ចេញ

13 សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក ហើយ​នឹង​អ៊ីស្រា‌អែល​ជា​អ្នក​បំរើ​ទ្រង់ ដែល​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា «អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​អញ​បាន​សន្យា​នឹង​ឯង​ថា នឹង​ឲ្យ​ដល់​ពូជ​ឯង ឲ្យ​គេ​បាន​ទទួល​ទុក​ជា​មរដក​ជា​រៀង‌រាប​ត​ទៅ»

14 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ លែង​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​ចេញ​ទៅ។

15 ម៉ូសេ​ក៏​វិល​ចុះ​ពី​លើ​ភ្នំ មាន​ទាំង​បន្ទះ​ថ្ម​នៃ​សេចក្ដី​បន្ទាល់​២​ផ្ទាំង​កាន់​ជាប់​នៅ​ដៃ​ផង ឯ​បន្ទះ​ថ្ម​ទាំង​២​នោះ​សឹង​ដ៏​មាន​អក្សរ​ទាំង​សង​ខាង គឺ​ខាង​មុខ ហើយ​ខាង​ខ្នង

16 ជា​ការ​ដែល​ព្រះ​ទ្រង់​ធ្វើ ហើយ​អក្សរ​ដែល​មាន​នៅ​បន្ទះ​ថ្ម​ទាំង​២​នោះ ក៏​ជា​អក្សរ​ដែល​ទ្រង់​ឆ្លាក់​ដែរ

17 កាល​យ៉ូស្វេ​បាន​ឮ​សូរ​សំឡេង​របស់​បណ្តា‌ជន​ទាំង‌ឡាយ ដែល​គេ​នាំ​គ្នា​ស្រែក​ដូច្នោះ នោះ​ក៏​ជំរាប​ម៉ូសេ​ថា មាន​ឮ​សូរ​ចំបាំង​នៅ​ទី​ដំឡើង​ត្រសាល​ហើយ