និក្ខមនំ 32:19-25 KHOV

19 លុះ​កាល​លោក​បាន​ទៅ​ដល់​ជិត​ទី​ដំឡើង​ត្រសាល បាន​ឃើញ​រូប​កូន​គោ​នោះ ហើយ​ឃើញ​គេ​កំពុង​តែ​លោត​រាំ​លេង នោះ​ម៉ូសេ​កើត​មាន​សេចក្ដី​កំហឹង​ខឹង​ក្តៅ​ជា​ខ្លាំង ក៏​បោះ​បន្ទះ​ថ្ម​ទាំង​២​ចេញ​ពី​ដៃ​បំបែក​នៅ​ជើង​ភ្នំ​ទៅ

20 រួច​លោក​យក​រូប​កូន​គោ​ដែល​គេ​បាន​ធ្វើ​នោះ​ទៅ​ដុត​នឹង​ភ្លើង ក៏​កិន​ឲ្យ​ម៉ដ្ត​បាច​ចោល​ទៅ​លើ​ទឹក ហើយ​បង្ខំ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផឹក

21 ម៉ូសេ​ក៏​សួរ​ទៅ​អើរ៉ុន​ថា តើ​គេ​បាន​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​ឲ្យ​គេ​ធ្វើ​បាប​ដ៏​មាន​ទំងន់​ដូច្នេះ

22 អើរ៉ុន​ឆ្លើយ​ថា សូម​កុំ​ឲ្យ​លោក​ម្ចាស់​ខឹង​ក្តៅ​ឡើយ ដ្បិត​ទាំង​ខ្លួន​លោក​ក៏​គង់​ជ្រាប​ដែរ​ថា មនុស្ស​ទាំង​នេះ​ចូល​ចិត្ត​តែ​ខាង​ផ្លូវ​បាប​ទេ

23 គេ​បាន​ប្រាប់​ខ្ញុំ​ថា ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង​រាល់​គ្នា​ទៅ ដែល​សំរាប់​នាំ​មុខ​យើង ដ្បិត​ឯ​ម៉ូសេ​នោះ ដែល​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ

24 ខ្ញុំ​បាន​ឆ្លើយ​តប​ថា ដូច្នេះ​អ្នក​ណា​ដែល​មាន​មាស ចូរ​ឲ្យ​ដោះ​យក​មក​ចុះ គេ​ក៏​ប្រគល់​មក​ខ្ញុំ រួច​ខ្ញុំ​នាំ​ទៅ​បោះ​ចុះ​ក្នុង​ភ្លើង ស្រាប់​តែ​កើត​បាន​ជា​រូប​កូន​គោ​នេះ​ចេញ​មក។

25 កាល​ម៉ូសេ​ឃើញ​ថា បណ្តា‌ជន​ទាំង‌ឡាយ​បាន​ផ្តាច់​សេចក្ដី​បង្ខាំង​ចោល​ហើយ ដ្បិត​អើរ៉ុន​បាន​បន្ធូរ​សេចក្ដី​បង្ខាំង​ដល់​គេ ព្រម​ទាំង​បើក​ឱកាស ឲ្យ​ពួក​ខ្មាំង​សត្រូវ​បាន​ដៀល‌ត្មះ​ផង