1 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរទៅចុះ ឲ្យចេញពីទីនេះឡើងទៅ ព្រមទាំងពួកជនដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមកផង ទៅឯស្រុកដែលអញបានស្បថនឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដោយពាក្យថា នឹងឲ្យស្រុកនោះដល់ពូជឯងតទៅ
2 អញនឹងចាត់ទេវតា១ឲ្យនាំមុខឯង ហើយនឹងបណ្តេញពួកសាសន៍កាណាន សាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញ
3 ឯងនឹងឡើងទៅឯស្រុក១ដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ តែអញមិនឡើងទៅកណ្តាលពួកឯងទេ ក្រែងអញធ្វើឲ្យឯងវិនាសតាមផ្លូវ ដ្បិតឯងរាល់គ្នាជាមនុស្សមានក្បាលរឹង។
4 កាលពួកជនទាំងឡាយបានឮដំណឹងអាក្រក់នោះហើយ គេក៏មានចិត្តស្រងូតស្រងាត់ ឥតមានអ្នកណាមួយពាក់គ្រឿងលំអអ្វីឡើយ
5 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាជាមនុស្សមានក្បាលរឹង បើអញឡើងទៅកណ្តាលឯងរាល់គ្នាតែ១ភ្លែត នោះនឹងធ្វើឲ្យវិនាសអស់ហើយ ដូច្នេះចូរឯងរាល់គ្នាដោះគ្រឿងលំអពីខ្លួនចេញឥឡូវ ដើម្បីឲ្យអញដឹងជាត្រូវធ្វើដល់ឯងរាល់គ្នាជាយ៉ាងណា