14 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា វិញ្ញាណអញនឹងទៅជាមួយនឹងឯង ហើយអញនឹងឲ្យឯងបានសំរាក
15 ម៉ូសេក៏ទូលថា បើសិនណាជាព្រះវិញ្ញាណនៃទ្រង់មិនយាងទៅជាមួយទេ នោះសូមកុំនាំយើងខ្ញុំរាល់គ្នាឡើងចេញពីទីនេះទៅឡើយ
16 ដ្បិតតើធ្វើដូចម្តេចឲ្យដឹងថា ទូលបង្គំ ហើយនឹងរាស្ត្រទ្រង់ បានប្រកបដោយព្រះគុណនៃទ្រង់ទៅបាន តើមិនមែនដោយទ្រង់យាងទៅ ជាមួយនឹងយើងខ្ញុំទេឬអី យ៉ាងនោះឯង យើងខ្ញុំ គឺខ្លួនទូលបង្គំ និងរាស្ត្ររបស់ផងទ្រង់នឹងបានញែកចេញពីអស់ទាំងសាសន៍ឯទៀតដែលនៅផែនដីនេះ។
17 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា អញនឹងធ្វើតាមសេចក្ដី ដែលឯងបានសូមនេះដែរ ដ្បិតឯងប្រកបដោយគុណនៃអញ ហើយអញក៏ស្គាល់ឯងយ៉ាងជិតស្និទ្ធផង
18 លោកទូលឆ្លើយថា សូមទ្រង់មេត្តាបើកឲ្យទូលបង្គំឃើញសិរីល្អទ្រង់ផង
19 រួចទ្រង់មានព្រះបន្ទូលតបថា អញនឹងឲ្យអស់ទាំងសេចក្ដីសប្បុរសរបស់អញដើរកាត់នៅមុខឯង ព្រមទាំងប្រកាសពីព្រះនាម «យេហូវ៉ា» នៅមុខឯងផង អញនឹងប្រោសដល់អ្នកណាដែលអញចង់ប្រោស ហើយនឹងផ្សាយសេចក្ដីមេត្តាករុណាដល់អ្នកណាដែលអញចង់ផ្សាយឲ្យ
20 ទ្រង់ក៏មានព្រះបន្ទូលថា ឯងពុំអាចនឹងមើលមុខអញបានឡើយ ដ្បិតមនុស្សជាតិនឹងឃើញអញ ហើយរស់នៅមិនបានទេ