6 នោះពួកកូនចៅអ៊ីស្រាអែលក៏ដោះគ្រឿងលំអទាំងអស់ពីខ្លួនចេញ ត្រង់ភ្នំហូរែប។
7 ម៉ូសេលោកក៏យកត្រសាលទៅដំឡើងនៅទីឆ្ងាយក្រៅពីទីដំឡើងត្រសាលរបស់គេ ហើយឲ្យមានឈ្មោះថា «ត្រសាលជំនុំ» ឯអស់អ្នកណាដែលរកព្រះយេហូវ៉ា គេក៏ចេញទៅឯត្រសាលជំនុំ ដែលនៅខាងក្រៅទីដំឡើងត្រសាលនោះ
8 កាលណាម៉ូសេចេញទៅឯត្រសាលជំនុំ បណ្តាជនទាំងអស់ក៏ក្រោកឡើងឈរនៅមាត់ទ្វារត្រសាលរបស់គេរៀងខ្លួន ទាំងមើលតាមលោកទាល់តែបានចូលផុតក្នុងត្រសាលជំនុំ
9 គ្រាដែលម៉ូសេចូលផុតទៅហើយ នោះបង្គោលពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារត្រសាល ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសន្ទនានឹងម៉ូសេ
10 ឯបណ្តាជនគេឃើញបង្គោលពពកសណ្ឋិតនៅត្រង់មាត់ទ្វារត្រសាលជំនុំ ក៏ក្រោកឡើងថ្វាយបង្គំនៅមាត់ទ្វារត្រសាលរបស់គេរៀងខ្លួន
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រទល់មុខនឹងម៉ូសេ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន រួចលោកត្រឡប់មកដល់ទីដំឡើងត្រសាលគេវិញ តែយ៉ូស្វេកូននុន ជាជំនួយការរបស់លោក ដែលនៅកំឡោះនៅឡើយ មិនបានចេញពីត្រសាលជំនុំមកទេ។
12 ម៉ូសេលោកទូលដល់ព្រះយេហូវ៉ាថា មើល ទ្រង់បង្គាប់មកទូលបង្គំឲ្យនាំបណ្តាជននេះឡើងទៅ តែទ្រង់មិនបានឲ្យទូលបង្គំដឹង ជាទ្រង់នឹងចាត់អ្នកណា ឲ្យទៅជាមួយសោះ ទ្រង់បានមានព្រះបន្ទូលថា អញស្គាល់ឯងយ៉ាងជិតស្និទ្ធ ហើយឯងក៏ប្រកបដោយគុណរបស់អញផង