26 ឯចំណែកមុនបង្អស់នៃផលដំបូង ដែលកើតពីដីឯង នោះត្រូវនាំចូល ទៅក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង។កុំឲ្យឯងស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
27 រួចព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរកត់ពាក្យទាំងនេះចុះ ដ្បិតអញតាំងសេចក្ដីសញ្ញារបស់អញនឹងឯង ហើយនឹងពួកអ៊ីស្រាអែលតាមន័យពាក្យទាំងនេះ
28 លោកក៏នៅទីនោះ ជាមួយនឹងព្រះយេហូវ៉ាអស់៤០ថ្ងៃ ៤០យប់ ឥតមានបរិភោគអ្វីឡើយ ហើយទ្រង់ក៏ចារឹកចុះនូវអស់ទាំងពាក្យនៃសេចក្ដីសញ្ញាទាំង១០ប្រការ នៅលើបន្ទះថ្មទាំង២ផ្ទាំងនោះ។
29 រួចកាលម៉ូសេបានចុះពីលើភ្នំស៊ីណាយ មកវិញ ព្រមទាំងកាន់បន្ទះថ្មនៃសេចក្ដីបន្ទាល់ ទាំង២ផ្ទាំង នៅដៃមកផង នោះកំពុងដែលចុះមក លោកឥតបានដឹងជាស្បែកមុខលោកភ្លឺ ដោយបានទូលនឹងទ្រង់នោះទេ
30 លុះអើរ៉ុន និងពួកកូនចៅអ៊ីស្រាអែលទាំងអស់ បានឃើញលោក នោះឃើញស្បែកមុខលោកភ្លឺ ហើយគេខ្លាចមិនហ៊ានទៅជិតលោកឡើយ
31 តែម៉ូសេហៅគេឲ្យមក នោះអើរ៉ុន និងអស់ទាំងមេពួកជំនុំក៏នាំគ្នាត្រឡប់មកឯលោកវិញ ហើយលោកបាននិយាយនឹងគេ
32 រួចមកពួកកូនចៅអ៊ីស្រាអែលក៏ចូលមកជិតទាំងអស់គ្នា ហើយលោកបានប្រាប់ពីអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់លោក នៅលើភ្នំស៊ីណាយ