28 លោកក៏នៅទីនោះ ជាមួយនឹងព្រះយេហូវ៉ាអស់៤០ថ្ងៃ ៤០យប់ ឥតមានបរិភោគអ្វីឡើយ ហើយទ្រង់ក៏ចារឹកចុះនូវអស់ទាំងពាក្យនៃសេចក្ដីសញ្ញាទាំង១០ប្រការ នៅលើបន្ទះថ្មទាំង២ផ្ទាំងនោះ។
29 រួចកាលម៉ូសេបានចុះពីលើភ្នំស៊ីណាយ មកវិញ ព្រមទាំងកាន់បន្ទះថ្មនៃសេចក្ដីបន្ទាល់ ទាំង២ផ្ទាំង នៅដៃមកផង នោះកំពុងដែលចុះមក លោកឥតបានដឹងជាស្បែកមុខលោកភ្លឺ ដោយបានទូលនឹងទ្រង់នោះទេ
30 លុះអើរ៉ុន និងពួកកូនចៅអ៊ីស្រាអែលទាំងអស់ បានឃើញលោក នោះឃើញស្បែកមុខលោកភ្លឺ ហើយគេខ្លាចមិនហ៊ានទៅជិតលោកឡើយ
31 តែម៉ូសេហៅគេឲ្យមក នោះអើរ៉ុន និងអស់ទាំងមេពួកជំនុំក៏នាំគ្នាត្រឡប់មកឯលោកវិញ ហើយលោកបាននិយាយនឹងគេ
32 រួចមកពួកកូនចៅអ៊ីស្រាអែលក៏ចូលមកជិតទាំងអស់គ្នា ហើយលោកបានប្រាប់ពីអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់លោក នៅលើភ្នំស៊ីណាយ
33 លោកបានយកស្បៃមកបាំងមុខដរាបដល់ឈប់និយាយនឹងគេ
34 តែកាលណាម៉ូសេចូលទៅចំពោះព្រះយេហូវ៉ា ដើម្បីទូលនឹងទ្រង់ នោះលោកបកស្បៃចេញវិញ ដរាបដល់ចេញមក លុះចេញមកវិញហើយ នោះក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមអស់ទាំងសេចក្ដីដែលទ្រង់បង្គាប់មក