2 ម៉ូសេក៏ហៅបេតសាលាល និងអូហូលីអាប់ ហើយអស់អ្នកចំណានការដែលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យមានគំនិតវាងវៃ ឲ្យមក គឺជាអស់អ្នកណា ដែលមានចិត្តបណ្តាលឡើង ឲ្យមកធ្វើការនោះ
3 ម៉ូសេក៏ប្រគល់អស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលបានយកមកថ្វាយ សំរាប់ការស្អាងទីបរិសុទ្ធ ដល់អ្នកទាំងនោះ ហើយរាល់តែព្រឹកគេចេះតែយកដង្វាយថ្វាយស្ម័គ្រពីចិត្ត មកជូនម៉ូសេជានិច្ច
4 នោះអស់អ្នកចំណានការដែលកំពុងតែធ្វើទីបរិសុទ្ធ គេឈប់ធ្វើការគ្រប់គ្នា
5 ទៅជំរាបម៉ូសេថា បណ្តាជនគេចេះតែយកដង្វាយមកសំរាប់ការធ្វើនេះ បានច្រើនហួសប្រមាណពីអស់ទាំងការ ដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យធ្វើហើយ
6 នោះម៉ូសេបង្គាប់ឲ្យគេទៅប្រកាសប្រាប់គ្រប់ក្នុងទីដំឡើងត្រសាលថា កុំឲ្យអ្នកណា ទោះប្រុសឬស្រី ធ្វើការអ្វីទៀតសំរាប់ជាដង្វាយដល់ទីបរិសុទ្ធឡើយ ដូច្នេះគេក៏បញ្ឈប់ពួកជនមិនឲ្យយកមកទៀត
7 ដ្បិតមានរបស់គ្រប់គ្រាន់នឹងធ្វើការទាំងនោះហើយ ថែមទាំងសល់ផង។
8 រួចអស់អ្នកចំណានដែលធ្វើការទាំងនោះ គេក៏ធ្វើរោងឧបោសថពីសំពត់១០ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ទាំងប៉ាក់រូបចេរូប៊ីនតាមរចនានៃជាងមានស្នាដៃ