12 ដូច្នេះចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្ដីដែលឯងត្រូវនិយាយផង
13 នោះម៉ូសេទូលថា ឱព្រះអម្ចាស់អើយ សូមទ្រង់ចាត់អ្នកណាមួយតាមព្រះហឫទ័យទ្រង់ចុះ
14 នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងម៉ូសេ ទ្រង់មានព្រះបន្ទូលថា តើអើរ៉ុន ជាពួកលេវី មិនមែនជាបងឯងទេឬអី អញដឹងថា គាត់ចេះវោហារស្រួលណាស់ ហើយមើល គាត់ក៏ចេញមករកឯងដែរ កាលណាឃើញឯងហើយ នោះគាត់នឹងមានចិត្តអំណរអរ
15 ឯងត្រូវជំនុំនឹងគាត់ ហើយបញ្ចេះពាក្យសំដីឲ្យគាត់បាននិយាយ ឯអញៗនឹងនៅជាមួយនឹងមាត់ឯង ហើយនឹងមាត់គាត់ដែរ ព្រមទាំងបង្រៀនការដែលឯងត្រូវធ្វើផង
16 គាត់នឹងនិយាយទៅបណ្តាជនជំនួសឯង គាត់នឹងធ្វើជាមាត់ឲ្យឯង ហើយឯងនឹងបានដូចជាព្រះដល់គាត់
17 ត្រូវឲ្យឯងយកដំបងនេះកាន់នៅដៃ សំរាប់នឹងធ្វើទីសំគាល់ចុះ។
18 នោះម៉ូសេក៏ត្រឡប់ទៅឯយេត្រូ ជាឪពុកក្មេកជំរាបថា សូមអនុញ្ញាត ឲ្យខ្ញុំត្រឡប់ទៅឯបងប្អូនខ្ញុំ នៅស្រុកអេស៊ីព្ទវិញ ដើម្បីនឹងមើល តើគេនៅរស់ឬយ៉ាងណា យេត្រូតបថា ចូរទៅដោយសុខសាន្តចុះ