និក្ខមនំ 4:20-26 KHOV

20 ម៉ូសេ​ក៏​ប្រមូល​យក​ប្រពន្ធ​កូន បញ្ជិះ​លើ​សត្វ​លា វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ក៏​យក​ទាំង​ដំបង​របស់​ព្រះ​កាន់​នៅ​ដៃ​ផង

21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា កាល​ណា​ឯង​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ឲ្យ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​បាន​ដាក់​នៅ​ដៃ​ឯង​នៅ​ចំពោះ​មុខ​ផារ៉ោន​ឡើយ តែ​អញ​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង នោះ​ទ្រង់​មិន​ព្រម​បើក​ឲ្យ​បណ្តា‌ជន​ចេញ​ទៅ​ទេ

22 ឯង​ត្រូវ​ទូល​ទៅ​ផារ៉ោន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ៊ីស្រា‌អែល​ជា​កូន​អញ គឺ​ជា​កូន​ច្បង​របស់​អញ

23 ហើយ​អញ​ប្រាប់​ឯង​ថា ចូរ​បើក​ឲ្យ​កូន​អញ​ចេញ​ទៅ ដើម្បី​នឹង​ថ្វាយ‌បង្គំ​អញ បើ​ឯង​មិន​ព្រម​ទេ នោះ​មើល អញ​នឹង​សំឡាប់​កូន​ច្បង​របស់​ឯង​ចោល។

24 លុះ​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មក​ជួប​នឹង​លោក នៅ​ត្រង់​ផ្ទះ​សំណាក់​ចង់​សំឡាប់​លោក

25 នោះ​សេផូរ៉ា នាង​យក​ថ្ម​យ៉ាង​មុត មក​កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​បោះ​ចោល​ទៅ​ត្រង់​ជើង​ប្ដី ដោយ​ពាក្យ​ថា អ្នក​ជា​ប្ដី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ដល់​ខ្ញុំ​ហើយ

26 រួច​ទ្រង់​លែង​ធ្វើ​លោក​ទៅ ហើយ​នាង​និយាយ​ថា អ្នក​ជា​ប្ដី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ហើយ ដោយ​ព្រោះ​ការ​កាត់​ស្បែក​នេះ។