និក្ខមនំ 4:6-12 KHOV

6 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ទៀត​ថា ចូរ​ឯង​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ឥឡូវ​ចុះ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួច​ដក​មក​វិញ​ឃើញ​មាន​កើត​ឃ្លង់​ស​ដូច​ហិមៈ

7 រួច​ទ្រង់​ប្រាប់​ថា ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ម្តង​ទៀត លោក​ក៏​ដាក់​ចូល​ទៅ រួច​ដក​ចេញ​មក ហើយ​មើល ដៃ​បាន​ត្រឡប់​ទៅ​ដូច​ជា​ធម្មតា​ដើម​វិញ

8 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​គេ​មិន​ជឿ​ឯង ហើយ​មិន​ស្តាប់​តាម​ទី​សំគាល់​មុន នោះ​គេ​នឹង​ជឿ​ដោយ‌សារ​ទី​សំគាល់​ក្រោយ​នេះ​ដែរ

9 តែ​បើ​គេ​មិន​ជឿ​ទី​សំគាល់​ទាំង​២​នេះ​ទេ ហើយ​មិន​ព្រម​ស្តាប់​តាម​ឯង​ផង នោះ​ត្រូវ​ឲ្យ​យក​ទឹក​ទន្លេ​មក​ចាក់​លើ​ដី​គោក រួច​ទឹក​ដែល​ឯង​យក​ពី​ទន្លេ​មក នោះ​នឹង​ត្រឡប់​ទៅ​ជា​ឈាម​នៅ​លើ​ដី​វិញ។

10 ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​អ្នក​មិន‌សូវ​មាន​វោហារ​ទេ គឺ​តាំង​តែ​ពី​ដើម​រៀង​មក ហើយ​ឥឡូវ​នេះ​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់ នោះ​ក៏​នៅ​តែ​គ្មាន​ដដែល ដ្បិត​ទូល‌បង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង

11 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ​ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ​ឲ្យ​ខ្វាក់​នោះ បើ​មិន​មែន​អញ​ជា​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ​ទេ

12 ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្ដី​ដែល​ឯង​ត្រូវ​និយាយ​ផង