និក្ខមនំ 40:19-25 KHOV

19 រួច​លោក​លា​ត្រសាល​បាំង​រោង​ឧបោសថ ហើយ​ដាក់​គំរប​ពី​លើ​ត្រសាល​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

20 លោក​យក​សេចក្ដី​បន្ទាល់​មក​ដាក់​ក្នុង​ហឹប រួច​ព្រហក​ឈើ​ស្នែង​ភ្ជាប់​នឹង​ហឹប ហើយ​ដាក់​ទី​សន្តោស‌ប្រោស​នៅ​លើ​ហឹប​នោះ

21 លោក​យក​ហឹប​ទៅ​ដាក់​ក្នុង​រោង​ឧបោសថ ហើយ​លា​វាំង‌នន​បាំង​ហឹប​នៃ​សេចក្ដី​បន្ទាល់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

22 លោក​ដាក់​តុ​នៅ​ខាង​ជើង​ក្នុង​ត្រសាល​ជំនុំ​ត្រង់​ខាង​មុខ​វាំង‌នន

23 រួច​រៀប​នំបុ័ង​លើ​តុ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក

24 លោក​ក៏​ដាក់​ជើង​ចង្កៀង​ទៅ​ក្នុង​ត្រសាល​ជំនុំ ប្រទល់​មុខ​នឹង​តុ គឺ​ខាង​ត្បូង ក្នុង​រោង​ឧបោសថ

25 រួច​លោក​រៀប‌ចំ​ចង្កៀង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក