1 រួចមក ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា មើល អញបានឲ្យឯងធ្វើជាព្រះដល់ផារ៉ោន ហើយអើរ៉ុនបងឯងនឹងធ្វើជាអ្នកប្រកាសរបស់ឯង
2 ឯងត្រូវនិយាយគ្រប់សេចក្ដីដែលអញបង្គាប់ ហើយអើរ៉ុនបងឯងត្រូវទូលដល់ផារ៉ោន ដើម្បីឲ្យស្តេចបានបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅ
3 តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះអញនឹងចំរើនទីសំគាល់ និងការអស្ចារ្យរបស់អញនៅក្នុងស្រុកអេស៊ីព្ទ
4 តែផារ៉ោននឹងមិនស្តាប់តាមឯងទេ រួចអញនឹងដាក់ដៃអញលើស្រុកអេស៊ីព្ទ ហើយនឹងនាំពួកកងរបស់អញ គឺជារាស្ត្រអញ ជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ ដោយការវិនិច្ឆ័យយ៉ាងធំ
5 កាលណាអញលើកដៃដាក់លើស្រុកអេស៊ីព្ទ ព្រមទាំងនាំពួកកូនចៅអ៊ីស្រាអែល ចេញពីកណ្តាលគេទៅ នោះពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត