14 រួចព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ផារ៉ោនមានចិត្តរឹងរូស មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ
15 ដល់ព្រឹកឡើង ផារ៉ោននឹងចេញមកឯមាត់ទឹក នោះត្រូវឲ្យឯងទៅឈរនៅមាត់ទន្លេ ចាំជួបនឹងទ្រង់ចុះ ហើយត្រូវយកដំបងដែលបានប្រែទៅជាពស់ នោះកាន់នៅដៃឯងផង
16 ត្រូវទូលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរបានចាត់ទូលបង្គំមកឲ្យទូលទ្រង់ថា ចូរឲ្យរាស្ត្រអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញនៅទីរហោស្ថាន មើល ដរាបមកដល់ឥឡូវនេះ ទ្រង់មិនព្រមស្តាប់តាមសោះ
17 ឯព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ស្តេចនឹងដឹងថា អញជាព្រះយេហូវ៉ា ដោយសារការនេះ គឺទូលបង្គំនឹងវាយទឹកទន្លេ ដោយដំបងនៅដៃទូលបង្គំនេះ នោះទឹកនឹងត្រឡប់ប្រែទៅជាឈាម
18 ត្រីនៅក្នុងទន្លេនឹងស្លាប់ទាំងអស់ ទន្លេក៏នឹងធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទគេនឹងខ្ពើមទឹកទន្លេនេះ។
19 នោះព្រះយេហូវ៉ា ទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់ដល់អើរ៉ុនថា ចូរឲ្យបងយកដំបង លើកដៃទៅលើទឹកស្រុកអេស៊ីព្ទទាំងអស់ ទាំងទន្លេ ទាំងព្រែក ទាំងបឹង ហើយនឹងស្រះរបស់គេទាំងប៉ុន្មាន ដើម្បីឲ្យបានត្រឡប់ទៅជាឈាម នោះនឹងមានឈាមនៅពេញក្នុងស្រុកអេស៊ីព្ទ ទោះនៅក្នុងធុងឈើ ឬនៅក្នុងពាងថ្មផង
20 ម៉ូសេ និងអើរ៉ុនក៏ធ្វើដូច្នោះតាមបង្គាប់ព្រះយេហូវ៉ា លោកលើកដំបងវាយទឹកទន្លេនៅមុខផារ៉ោន និងពួកមហាតលិកទ្រង់ នោះទឹកទន្លេក៏ត្រឡប់ទៅជាឈាមទាំងអស់