16 ត្រូវទូលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរបានចាត់ទូលបង្គំមកឲ្យទូលទ្រង់ថា ចូរឲ្យរាស្ត្រអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញនៅទីរហោស្ថាន មើល ដរាបមកដល់ឥឡូវនេះ ទ្រង់មិនព្រមស្តាប់តាមសោះ
17 ឯព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ស្តេចនឹងដឹងថា អញជាព្រះយេហូវ៉ា ដោយសារការនេះ គឺទូលបង្គំនឹងវាយទឹកទន្លេ ដោយដំបងនៅដៃទូលបង្គំនេះ នោះទឹកនឹងត្រឡប់ប្រែទៅជាឈាម
18 ត្រីនៅក្នុងទន្លេនឹងស្លាប់ទាំងអស់ ទន្លេក៏នឹងធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទគេនឹងខ្ពើមទឹកទន្លេនេះ។
19 នោះព្រះយេហូវ៉ា ទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់ដល់អើរ៉ុនថា ចូរឲ្យបងយកដំបង លើកដៃទៅលើទឹកស្រុកអេស៊ីព្ទទាំងអស់ ទាំងទន្លេ ទាំងព្រែក ទាំងបឹង ហើយនឹងស្រះរបស់គេទាំងប៉ុន្មាន ដើម្បីឲ្យបានត្រឡប់ទៅជាឈាម នោះនឹងមានឈាមនៅពេញក្នុងស្រុកអេស៊ីព្ទ ទោះនៅក្នុងធុងឈើ ឬនៅក្នុងពាងថ្មផង
20 ម៉ូសេ និងអើរ៉ុនក៏ធ្វើដូច្នោះតាមបង្គាប់ព្រះយេហូវ៉ា លោកលើកដំបងវាយទឹកទន្លេនៅមុខផារ៉ោន និងពួកមហាតលិកទ្រង់ នោះទឹកទន្លេក៏ត្រឡប់ទៅជាឈាមទាំងអស់
21 ត្រីដែលនៅក្នុងទន្លេក៏ស្លាប់ ទឹកទន្លេក៏ធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទផឹកទឹកពីទន្លេមិនបាន ក៏មានឈាមនៅពេញក្នុងស្រុកអេស៊ីព្ទផង
22 ឯពួកគ្រូនៅស្រុកអេស៊ីព្ទក៏បានធ្វើដូច្នោះដោយរបៀនរបស់គេដែរ ហើយផារ៉ោនកើតមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់តាមលោកឡើយ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក