3 តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះអញនឹងចំរើនទីសំគាល់ និងការអស្ចារ្យរបស់អញនៅក្នុងស្រុកអេស៊ីព្ទ
4 តែផារ៉ោននឹងមិនស្តាប់តាមឯងទេ រួចអញនឹងដាក់ដៃអញលើស្រុកអេស៊ីព្ទ ហើយនឹងនាំពួកកងរបស់អញ គឺជារាស្ត្រអញ ជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ ដោយការវិនិច្ឆ័យយ៉ាងធំ
5 កាលណាអញលើកដៃដាក់លើស្រុកអេស៊ីព្ទ ព្រមទាំងនាំពួកកូនចៅអ៊ីស្រាអែល ចេញពីកណ្តាលគេទៅ នោះពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត
6 ឯម៉ូសេ និងអើរ៉ុនលោកក៏ធ្វើតាម ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
7 ក្នុងគ្រាដែលទូលនឹងផារ៉ោន នោះម៉ូសេលោកបានអាយុ៨០ឆ្នាំ ឯអើរ៉ុនក៏បានអាយុ៨៣ឆ្នាំហើយ។
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
9 កាលណាផារ៉ោននិយាយមកឯងថា ចូរឯងសំដែងបាដិហារិយ៍មកមើល នោះឲ្យឯងប្រាប់អើរ៉ុនថា ចូរយកដំបងរបស់បងបោះទៅនៅចំពោះមុខផារ៉ោន ដើម្បីឲ្យដំបងនោះក្លាយទៅជាសត្វពស់