14 គេប្រមូលគរឡើងជាគំនរ រួចក្នុងស្រុកក៏ធុំក្លិនស្អុយពេញ
15 តែកាលផារ៉ោនឃើញថាបានធូរស្បើយហើយ នោះទ្រង់តាំងព្រះទ័យរឹងទទឹងទៀត ហើយមិនព្រមស្តាប់តាមម៉ូសេ និងអើរ៉ុនឡើយ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលមក។
16 រួចព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់អើរ៉ុនថា ចូរបងលើកដំបងវាយធូលីដីទៅ ដើម្បីឲ្យបានត្រឡប់ជាចៃ នៅពេញក្នុងស្រុកអេស៊ីព្ទ
17 នោះក៏ធ្វើដូច្នោះ អើរ៉ុនកាន់ដំបងលើកវាយធូលីដី ហើយកើតមានចៃនៅលើមនុស្សហើយនឹងសត្វ ធូលីដីទាំងអស់ក៏ទៅជាចៃពេញក្នុងស្រុកអេស៊ីព្ទ
18 ឯពួកគ្រូក៏ខំធ្វើដូច្នោះដោយរបៀនរបស់គេដែរ ដើម្បីនឹងបង្កើតចៃ តែធ្វើមិនកើតឡើយ ចៃទាំងនោះនៅលើមនុស្សហើយនឹងសត្វផង
19 នោះពួកគ្រូគេទូលផារ៉ោនថា នេះគឺជាអង្គុលីព្រះហស្តរបស់ព្រះទេ តែផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់គេសោះដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក។
20 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរក្រោកពីព្រលឹមទៅឈរនៅមុខផារ៉ោន មើល ទ្រង់នឹងចេញទៅឯមាត់ទឹក នោះត្រូវឲ្យឯងទូលទ្រង់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញចុះ