និក្ខមនំ 8:15-21 KHOV

15 តែ​កាល​ផារ៉ោន​ឃើញ​ថា​បាន​ធូរ​ស្បើយ​ហើយ នោះ​ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​ទៀត ហើយ​មិន​ព្រម​ស្តាប់​តាម​ម៉ូសេ និង​អើរ៉ុន​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក។

16 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​បង​លើក​ដំបង​វាយ​ធូលី​ដី​ទៅ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ចៃ នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ

17 នោះ​ក៏​ធ្វើ​ដូច្នោះ អើរ៉ុន​កាន់​ដំបង​លើក​វាយ​ធូលី​ដី ហើយ​កើត​មាន​ចៃ​នៅ​លើ​មនុស្ស​ហើយ​នឹង​សត្វ ធូលី​ដី​ទាំង​អស់​ក៏​ទៅ​ជា​ចៃ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ

18 ឯ​ពួក​គ្រូ​ក៏​ខំ​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ ដើម្បី​នឹង​បង្កើត​ចៃ តែ​ធ្វើ​មិន​កើត​ឡើយ ចៃ​ទាំង​នោះ​នៅ​លើ​មនុស្ស​ហើយ​នឹង​សត្វ​ផង

19 នោះ​ពួក​គ្រូ​គេ​ទូល​ផារ៉ោន​ថា នេះ​គឺ​ជា​អង្គុលី​ព្រះ‌ហស្ត​របស់​ព្រះ​ទេ តែ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​គេ​សោះ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក។

20 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន មើល ទ្រង់​នឹង​ចេញ​ទៅ​ឯ​មាត់​ទឹក នោះ​ត្រូវ​ឲ្យ​ឯង​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ​ចុះ

21 បើ​មិន​ព្រម​ឲ្យ​គេ​ចេញ​ទៅ​ទេ នោះ​មើល​អញ​នឹង​ចាត់​រុយ​ទាំង​ហ្វូងៗ​ឲ្យ​មក​លើ​ឯង លើ​ពួក​បំរើ​ឯង ពួក​រាស្ត្រ​ឯង ហើយ​នៅ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ផង បណ្តា​ផ្ទះ​នៃ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​បាន​ពេញ​ដោយ​រុយ​ទាំង​អស់ ព្រម​ទាំង​ដី​ដែល​គេ​អាស្រ័យ​នៅ​ដែរ