25 នោះផារ៉ោន ទ្រង់ហៅម៉ូសេ និងអើរ៉ុនមកប្រាប់ថា ចូរឯងរាល់គ្នាទៅថ្វាយយញ្ញបូជា ដល់ព្រះនៃឯង នៅក្នុងស្រុកនេះចុះ
26 តែម៉ូសេប្រកែកថា មិនគួរគប្បីនឹងធ្វើដូច្នោះទេ បើធ្វើយ៉ាងនោះ ឈ្មោះថាយើងខ្ញុំនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដោយយញ្ញបូជាដែលជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទហើយ ចុះបើយើងខ្ញុំធ្វើយញ្ញបូជានៅចំពោះមុខសាសន៍អេស៊ីព្ទ ដែលគេស្អប់ខ្ពើមដូច្នេះ នោះតើគេមិនចោលយើងខ្ញុំនឹងថ្មទេឬអី
27 យើងខ្ញុំនឹងដើរផ្លូវចំនួន៣ថ្ងៃទៅក្នុងទីរហាស្ថានវិញ ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ តាមបង្គាប់របស់ទ្រង់
28 នោះផារ៉ោនទ្រង់មានព្រះបន្ទូលថា អញនឹងបើកឲ្យឯងរាល់គ្នា ចេញទៅថ្វាយយញ្ញបូជា ដល់ព្រះយេហូវ៉ា ជាព្រះនៃឯងនៅទីវាលរហាស្ថានបាន តែកុំឲ្យទៅឆ្ងាយពេក ចូរសូមអង្វរឲ្យអញផង
29 ម៉ូសេទូលតបថា មើល ទូលបង្គំនឹងចេញពីទ្រង់ទៅសូមអង្វរដល់ព្រះយេហូវ៉ាឲ្យរុយបានថយចេញពីទ្រង់ ពីពួកមហាតលិក ហើយពីរាស្ត្ររបស់ទ្រង់នៅពេលថ្ងៃស្អែក ប៉ុន្តែសូមកុំឲ្យតែទ្រង់បញ្ឆោតទៀត ដើម្បីនឹងឃាត់បណ្តាជនមិនឲ្យគេចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានោះឡើយ
30 រួចម៉ូសេក៏ចេញពីផារ៉ោនទៅទូលអង្វរដល់ព្រះយេហូវ៉ា
31 ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាម រុយក៏ថយចេញពីផារ៉ោន ពីពួកមហាតលិក ហើយពីរាស្ត្រទ្រង់ទៅ គ្មាននៅសល់១សោះ