4 កង្កែបទាំងនោះនឹងលោតលើឯង លើរាស្ត្រ ហើយលើពួកបំរើរបស់ឯងទាំងអស់គ្នាដែរ។
5 នោះព្រះយេហូវ៉ា ទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់អើរ៉ុនថា ចូរឲ្យបងកាន់ដំបងលើកទៅលើអស់ទាំងទន្លេ ព្រែក ហើយនឹងបឹង ធ្វើឲ្យមានកង្កែបឡើងមកលើស្រុកអេស៊ីព្ទ
6 អើរ៉ុនក៏លើកដៃទៅលើទឹកនៃស្រុកអេស៊ីព្ទទាំងប៉ុន្មាន នោះក៏មានកង្កែបឡើងមកគ្របពេញក្នុងស្រុកអេស៊ីព្ទ
7 ឯពួកគ្រូក៏ធ្វើដូច្នោះដោយរបៀនរបស់គេដែរ គេបានធ្វើឲ្យមានកង្កែបឡើងមកលើស្រុកអេស៊ីព្ទដូចគ្នា។
8 នោះផារ៉ោនទ្រង់ហៅម៉ូសេ និងអើរ៉ុនមកមានព្រះបន្ទូលថា សូមឲ្យអង្វរដល់ព្រះយេហូវ៉ា ឲ្យទ្រង់បន្ថយកង្កែបចេញពីអញ ហើយពីរាស្ត្រអញទៅ នោះអញនឹងឲ្យពួកឯងចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា
9 ម៉ូសេក៏ទូលផារ៉ោនថា ទ្រង់មានអំណាចស្រាប់ហើយ ដូច្នេះសូមបង្គាប់ទូលបង្គំចុះ តើចង់ឲ្យទូលបង្គំអង្វរជំនួសទ្រង់ និងពួកមហាតលិក ហើយនឹងរាស្ត្រទ្រង់ក្នុងពេលណា ដើម្បីឲ្យកង្កែបបានត្រូវវិនាសចេញពីចំពោះទ្រង់ និងពួកដំណាក់ទ្រង់ទៅ ឲ្យមានតែនៅក្នុងទន្លេវិញ
10 នោះទ្រង់មានព្រះបន្ទូលឆ្លើយថា ថ្ងៃស្អែកចុះ រួចលោកទូលថា សូមតាមព្រះបន្ទូលទ្រង់ចុះ ដើម្បីឲ្យទ្រង់បានជ្រាបថា គ្មានអ្នកឯណាឡើយ ដែលស្មើនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា