19 ដូច្នេះ ចូរចាត់គេឲ្យទៅនាំអស់ទាំងហ្វូងសត្វ និងរបស់ឯងទាំងប៉ុន្មានដែលនៅឯវាលចូលមកជាប្រញាប់ ដ្បិតអស់ទាំងមនុស្ស និងសត្វទាំងប៉ុន្មាននៅវាល ដែលមិនបានប្រមូលមកក្នុងផ្ទះ នោះនឹងត្រូវព្រិលធ្លាក់មកលើ ស្លាប់ទាំងអស់
20 នោះពួកមហាតលិកណាមួយរបស់ផារ៉ោន ដែលកោតខ្លាចដល់ព្រះបន្ទូលព្រះយេហូវ៉ា គេក៏ឲ្យពួកបាវ និងហ្វូងសត្វទាំងប៉ុន្មានរត់ចូលមកជ្រកក្នុងផ្ទះទាំងអស់
21 ប៉ុន្តែពួកអ្នកដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលព្រះយេហូវ៉ាសោះ គេក៏ទុកឲ្យពួកបាវនឹងហ្វូងសត្វនៅឯវាលវិញ។
22 នោះព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលប្រាប់ម៉ូសេថា ចូរលើកដៃឡើងទៅលើមេឃ ដើម្បីឲ្យមានព្រិលធ្លាក់មកពេញក្នុងស្រុកអេស៊ីព្ទ គឺធ្លាក់មកលើទាំងមនុស្ស និងសត្វ ហើយលើគ្រប់ទាំងដំណាំនៅទីវាលក្នុងស្រុកផង
23 ម៉ូសេក៏លើកដំបងទៅលើមេឃ នោះព្រះយេហូវ៉ាទ្រង់ចាត់ឲ្យមានផ្គរហើយនឹងព្រិលមក ក៏មានរន្ទះបាញ់ផ្សាយជាភ្លើងនៅលើដី ហើយព្រះយេហូវ៉ាទ្រង់បង្អុរព្រិលមកលើស្រុកអេស៊ីព្ទ
24 ក៏មានព្រិល និងភ្លើងលាយគ្នាជាយ៉ាងវេទនាដល់ម៉្លេះ បានជាតាំងពីស្រុកអេស៊ីព្ទកើតឡើងជានគរ នោះមិនដែលមាននៅក្នុងស្រុកដូច្នោះឡើយ
25 នៅគ្រប់ក្នុងស្រុកអេស៊ីព្ទ ព្រិលនោះបានធ្លាក់មកត្រូវរបស់ទាំងអស់នៅទីវាល តាំងពីមនុស្សរហូតដល់សត្វ ក៏ធ្លាក់មកបំផ្លាញអស់ទាំងដំណាំនៅវាលដែរ ហើយបំបាក់អស់ទាំងដើមឈើនៅចំការផង