23 ម៉ូសេក៏លើកដំបងទៅលើមេឃ នោះព្រះយេហូវ៉ាទ្រង់ចាត់ឲ្យមានផ្គរហើយនឹងព្រិលមក ក៏មានរន្ទះបាញ់ផ្សាយជាភ្លើងនៅលើដី ហើយព្រះយេហូវ៉ាទ្រង់បង្អុរព្រិលមកលើស្រុកអេស៊ីព្ទ
24 ក៏មានព្រិល និងភ្លើងលាយគ្នាជាយ៉ាងវេទនាដល់ម៉្លេះ បានជាតាំងពីស្រុកអេស៊ីព្ទកើតឡើងជានគរ នោះមិនដែលមាននៅក្នុងស្រុកដូច្នោះឡើយ
25 នៅគ្រប់ក្នុងស្រុកអេស៊ីព្ទ ព្រិលនោះបានធ្លាក់មកត្រូវរបស់ទាំងអស់នៅទីវាល តាំងពីមនុស្សរហូតដល់សត្វ ក៏ធ្លាក់មកបំផ្លាញអស់ទាំងដំណាំនៅវាលដែរ ហើយបំបាក់អស់ទាំងដើមឈើនៅចំការផង
26 ឯទីដែលគ្មានព្រិល នោះមានតែនៅស្រុកកូសែន ដែលជាទីលំនៅរបស់ពួកកូនចៅអ៊ីស្រាអែលប៉ុណ្ណោះ។
27 នោះផារ៉ោន ទ្រង់ចាត់ឲ្យទៅហៅម៉ូសេ និងអើរ៉ុនមកថា ម្តងនេះអញជាអ្នកមានបាប គឺជាព្រះយេហូវ៉ាដែលសុចរិត ឯអញ និងរាស្ត្រអញ យើងជាពួកអាក្រក់វិញ
28 ដូច្នេះសូមឲ្យឯងអង្វរដល់ព្រះយេហូវ៉ាផង ដ្បិតមានផ្គរជាយ៉ាងខ្លាំង ហើយនឹងព្រិលនេះជាការល្មមហើយ នោះអញនឹងឲ្យឯងរាល់គ្នាចេញទៅ ឥតមានឃាត់ឃាំងទៀតឡើយ
29 ម៉ូសេលោកទូលឆ្លើយថា កាលណាទូលបង្គំបានចេញពីក្រុងទៅហើយ ទូលបង្គំនឹងលើកដៃទៅឯព្រះយេហូវ៉ា នោះផ្គរនឹងស្ងប់ហើយនឹងគ្មានព្រិលទៀត នេះដើម្បីឲ្យទ្រង់ជ្រាបថា ផែនដីជារបស់ផងព្រះយេហូវ៉ា