5 ព្រះយេហូវ៉ាទ្រង់ក៏ដាក់កំណត់ថា ថ្ងៃស្អែកឡើង ព្រះយេហូវ៉ាទ្រង់នឹងធ្វើការនេះនៅក្នុងស្រុក
6 លុះដល់ថ្ងៃស្អែក នោះព្រះយេហូវ៉ាទ្រង់ក៏ធ្វើដូច្នោះ ហ្វូងសត្វរបស់សាសន៍អេស៊ីព្ទក៏ស្លាប់ទាំងអស់ តែគ្មានស្លាប់សត្វណាមួយក្នុងហ្វូងសត្វរបស់កូនចៅអ៊ីស្រាអែលទេ
7 ផារ៉ោនទ្រង់ចាត់គេទៅស៊ើបមើល ក៏ឃើញថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលដែលបានស្លាប់សោះ ប៉ុន្តែផារ៉ោនមានព្រះទ័យរឹងចចេសមិនព្រមបើកឲ្យបណ្តាជនទៅទេ។
8 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា ចូរឯងកើបយកផេះពីគុកភ្លើងពេញក្នុងក្តាប់ដៃ រួចឲ្យម៉ូសេបាចទៅលើមេឃនៅមុខផារ៉ោនទៅ
9 ផេះនោះនឹងត្រឡប់ក្លាយជាធូលីយ៉ាងម៉ដ្ត នៅលើស្រុកអេស៊ីព្ទទាំងមូល ហើយនឹងបង្កើតជាបូសធ្លាយចេញជាដំបៅនៅខ្លួនមនុស្ស ព្រមទាំងសត្វនៅពេញក្នុងស្រុកដែរ
10 ម៉ូសេក៏យកផេះ ពីគុកភ្លើង ទៅឈរនៅមុខផារ៉ោន ហើយលោកបាចទៅលើមេឃ រួចផេះនោះបង្កើតជាបូសក្លាយធ្លាយចេញជាដំបៅ ក៏កើតឡើងនៅសព្វខ្លួនរបស់មនុស្ស ហើយនឹងពួកសត្វផង
11 ឯពួកគ្រូគេឈរនៅមុខម៉ូសេមិនបានទេ ដោយព្រោះបូសនោះ ពីព្រោះបូសក៏កើតឡើងនៅខ្លួនគេដែរ ដូចជានៅខ្លួននៃសាសន៍អេស៊ីព្ទទាំងអស់គ្នាផង