សុភាសិត 1:19-25 KHOV

19 ចំណែក​អស់​អ្នក​ដែល​លោភ​ចង់​បាន​កំរៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្តី​នោះ​នឹង​ដក​យក​ជីវិត​ចេញ​ពី​អស់​អ្នក​ដែល​បណ្តោយ​តាម​ផង។

20 ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី‌ធ្លា

21 ប្រាជ្ញា​ស្រែក​ប្រកាស​នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង និង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា

22 ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នឹង​ស្រឡាញ់​សេចក្តី​ឆោត​ល្ងង់​នោះ​ដល់​កាល​ណា​ទៀត ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្តី​ឡក‌ឡឺយ ហើយ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់​ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា

23 កាល​ណា​អញ​បន្ទោស នោះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ខ្លួន​ស្តាប់​តាម​ចុះ នែ អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ឯង​រាល់​គ្នា ហើយ​ឲ្យ​ឯង​រាល់​គ្នា​បាន​យល់​ពាក្យ​អញ

24 ពី​ព្រោះ​អញ​បាន​ស្រែក​ហៅ តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ អញ​បាន​ហុច​ដៃ​ទៅ តែ​ឥត​មាន​អ្នក​ណា​រវល់​សោះ

25 ឯង​រាល់​គ្នា​ក៏​បោះ‌បង់​ចោល​អស់​ទាំង​ដំបូន្មាន​របស់​អញ​ចេញ ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោស​របស់​អញ​ដែរ