1 កូនអើយ កុំឲ្យភ្លេចឱវាទអញឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្តាំរបស់អញទាំងប៉ុន្មាន
2 ដ្បិតសេចក្តីទាំងនោះនឹងបន្ថែមឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្តីសុខផង
3 កុំឲ្យសេចក្តីមេត្តា និងសេចក្តីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្តីទាំង២នោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ
4 យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ និងបំណងល្អចំពោះព្រះ ហើយនឹងមនុស្សផង
5 ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ
6 ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង
7 កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីសេចក្តីអាក្រក់ទៅ
8 នោះនឹងបានជាសេចក្តីសុខស្រួលដល់សរសៃឯង ហើយជាធាតុសើមដល់ឆ្អឹងឯង
9 ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ ហើយនឹងផលដំបូង ពីសេចក្តីចំរើនរបស់ឯងទាំងអម្បាលម៉ានចុះ
10 យ៉ាងនោះ អស់ទាំងជង្រុកឯងនឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង
11 កូនអើយ កុំឲ្យមើលងាយសេចក្តីប្រៀនរបស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្តីបន្ទោសរបស់ទ្រង់ដែរ
12 ដ្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ។
13 សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់
14 ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកំរៃអំពីនោះមកក៏ប្រសើរជាងមាសសុទ្ធផង
15 ប្រាជ្ញានោះមានដំឡៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ
16 មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ
17 អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះក៏ជាសេចក្តីសុខដែរ
18 ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណាដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ
19 ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃដោយសារយោបល់ដែរ
20 ដោយសារព្រះដំរិះទ្រង់ នោះអស់ទាំងទីជំរៅបានធ្លាយចេញ ហើយពពកក៏ស្រក់ទឹកសន្សើមមក។
21 កូនអើយ កុំឲ្យសេចក្តីទាំងនេះចេញបាត់ពីភ្នែកឯងឡើយ ចូររក្សាសេចក្តីដែលមានប្រយោជន៍ និងគំនិតវាងវៃចុះ
22 ដូច្នេះសេចក្តីនោះនឹងបានជាជីវិតដល់ព្រលឹងឯង ហើយជាគ្រឿងលំអនៅកឯង
23 នោះឯងនឹងបានដើរតាមផ្លូវឯង ដោយសេចក្តីសុខ ហើយជើងឯងនឹងមិនចំពប់ឡើយ
24 កាលណាឯងដេកទៅ នោះនឹងគ្មានភ័យខ្លាចអ្វីសោះ អើ ឯងនឹងដេកទៅ ហើយលក់ស្រួល
25 កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យកើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ
26 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងបានជាទីទុកចិត្តដល់ឯង ទ្រង់នឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។
27 កាលណាឯងមានកំឡាំងដៃ អាចធ្វើគុណឲ្យអ្នកណា ដែលគួរផ្តល់ឲ្យ នោះកុំឲ្យបង្ខាំងទុកឡើយ
28 បើកាលណាឯងមានរបស់អ្វីនៅជិតឯង ដែលអ្នកជិតខាងត្រូវការ នោះកុំឲ្យនិយាយឡើយថា ទៅសិនចុះ ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ
29 កុំឲ្យបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងឯង ដែលអាស្រ័យនៅជិតឯងដោយសុខសាន្តនោះឡើយ
30 បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ
31 កុំឲ្យច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំឲ្យរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ
32 ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ នោះទ្រង់ជាមិត្រនឹងគេវិញ
33 សេចក្តីបណ្តាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែទ្រង់ប្រទានពរដល់ទីលំនៅរបស់មនុស្សសុចរិតវិញ
34 ទ្រង់តែងមើលងាយដល់ពួកអ្នកដែលមើលងាយ តែទ្រង់ផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ
35 មនុស្សប្រាជ្ញនឹងគ្រងបានសិរីល្អទុកជាមរដក តែសេចក្តីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ដល់មនុស្សឆោតល្ងង់វិញ។