1 នេះក៏ជាសុភាសិតរបស់ស្តេចសាឡូម៉ូនដែរ ជាសេចក្តីដែលពួកស្មៀនរបស់ហេសេគា ស្តេចសាសន៍យូដា បានចម្លងទុក។
2 ការដែលលាក់បំបាំងន័យសេចក្តី នោះជាទីគាប់ព្រះហឫទ័យដល់ព្រះ តែពួកស្តេចវិញ ទ្រង់សព្វព្រះទ័យនឹងស្វែងរកឲ្យយល់
3 ផ្ទៃមេឃខ្ពស់យ៉ាងណា ហើយផែនដីជ្រៅយ៉ាងណា ព្រះទ័យនៃស្តេចក៏ស្ទង់មើលដល់យ៉ាងនោះដែរ
4 ចូរដេញយកអាចម៍ប្រាក់ចេញ នោះនឹងមានគ្រឿងចេញពីពុម្ពមកសំរាប់ជាងខាត់
5 ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្តេច នោះរាជ្យទ្រង់នឹងបានតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីសុចរិត។
6 កុំឲ្យឯងបញ្ចើខ្លួននៅចំពោះស្តេចឡើយ ក៏កុំឲ្យឈរនៅទីរបស់អ្នកធំដែរ
7 ដ្បិតបើគេមកនិយាយនឹងឯងថា អញ្ជើញឡើងមកឯណេះ នោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំ ដែលភ្នែកឯងបានឃើញហើយនោះវិញ។
8 កុំឲ្យឯងរហ័សនឹងចេញទៅតនឹងគេឡើយ ក្រែងដល់ចុងបំផុត កាលណាអ្នកជិតខាងបានធ្វើឲ្យឯងខ្មាសហើយ នោះឯងមិនដឹងធ្វើអ្វីទៀតទេ
9 ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង ដោយមានតែគ្នា២នាក់ប៉ុណ្ណោះ កុំឲ្យបើកការសំងាត់របស់អ្នកដទៃឡើយ
10 ក្រែងអ្នកដែលឮ គេធ្វើឲ្យឯងខ្មាសវិញ ហើយសេចក្តីអាម៉ាស់របស់ឯងនឹងមិនចេះបាត់ឡើយ។
11 ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសធ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់
12 អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស និងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ
13 អ្នកនាំសារដែលស្មោះត្រង់ នោះប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចំរូត ដល់ពួកអ្នកដែលចាត់ប្រើ ដ្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហ្វាយខ្លួន។
14 អ្នកណាដែលអួត ដោយពាក្យកំភូត ពីទានដែលខ្លួនឲ្យ នោះទុកដូចជាពពក ហើយនឹងខ្យល់ដែលឥតមានភ្លៀង។
15 ដោយការខំអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន ហើយអណ្តាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។
16 តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។
17 កុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាង ជាញឹកញយពេកឡើយ ក្រែងគេធុញទ្រាន់ ហើយស្អប់ឯងវិញ។
18 អ្នកណាដែលធ្វើបន្ទាល់ក្លែងទាស់នឹងអ្នកជិតខាងខ្លួន នោះធៀបដូចជាញញួរ និងដាវ ហើយនឹងព្រួញយ៉ាងមុត។
19 កាលដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ នៅគ្រាលំបាក នោះធៀបដូចជាធ្មេញបាក់ ហើយជើងដែលថ្លស់លាសចេញ។
20 អ្នកណាដែលច្រៀងចំរៀង ជូនដល់មនុស្សដែលមានចិត្តកើតទុក្ខ ឲ្យគេស្តាប់ នោះធៀបដូចជាគេដោះអាវនៅរដូវរងារ ឬដូចជាចាក់ទឹកខ្មេះទៅលើអំបិលក្បុង។
21 បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង
22 យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើងនៅលើក្បាលវា ហើយព្រះយេហូវ៉ាទ្រង់នឹងប្រទានរង្វាន់ដល់ឯង។
23 ខ្យល់ខាងជើងរមែងនាំភ្លៀងមក ហើយអណ្តាតដែលនិយាយដើមគេ ក៏នាំគេមានមុខមួម៉ៅដូច្នោះដែរ។
24 ស៊ូនៅក្នុងទីកៀន១នៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿង។
25 ទឹកបានត្រជាក់ដល់ព្រលឹងមនុស្សល្វឹងល្វើយជាយ៉ាងណា នោះដំណឹងល្អដែលមកពីស្រុកឆ្ងាយក៏យ៉ាងនោះដែរ។
26 មនុស្សសុចរិតដែលចុះចាញ់ចំពោះមនុស្សអាក្រក់ នោះធៀបដូចជារន្ធទឹកល្អក់ ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។
27 បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ មួយទៀត ដែលស្វែងរកកិត្តិសព្ទដល់ខ្លួន នោះជាបន្ទុកយ៉ាងធ្ងន់ដែរ។
28 បើអ្នកណាដែលមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។