1 ពាក្យទាំងនេះ ជាពាក្យរបស់អេគើរ ជាកូនយ៉ាកេ គឺជាសេចក្តីទំនាយដែលអ្នកនោះបានពោលដល់អ៊ីធាល គឺដល់អ៊ីធាល និងយូកាលផងថា___
2 ពិតប្រាកដជាខ្ញុំល្ងង់ជាងអស់ទាំងមនុស្ស ក៏ឥតមានយោបល់របស់មនុស្សដែរ
3 ខ្ញុំមិនបានរៀនឲ្យមានប្រាជ្ញាទេ ក៏គ្មានដំរិះរបស់ព្រះដ៏បរិសុទ្ធផង។
4 តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួន តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន តើព្រះអង្គនោះមានព្រះនាមជាអ្វី ហើយព្រះរាជបុត្រារបស់ទ្រង់តើមានព្រះនាមជាអ្វី បើឯងដឹង ចូរប្រាប់មក។
5 គ្រប់ទាំងព្រះបន្ទូលនៃព្រះ សុទ្ធតែបរិសុទ្ធ ទ្រង់ជាខែល ដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់
6 កុំឲ្យបន្ថែមបញ្ចូលក្នុងព្រះបន្ទូលទ្រង់ឡើយ ក្រែងទ្រង់បន្ទោសដល់ឯង ហើយឃើញថា ឯងជាមនុស្សភូតភរ។
7 ទូលបង្គំបានសូមសេចក្តី២ប្រការពីទ្រង់ សូមកុំខាននឹងប្រទានសេចក្តីទាំង២ នោះដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ
8 គឺសូមកំចាត់សេចក្តីភូតភរ និងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ
9 ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៏ ឬក្រែងទូលបង្គំមានសេចក្តីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
10 កុំឲ្យនិយាយបង្កាច់បាវបំរើដល់ចៅហ្វាយវាឡើយ ក្រែងគេជេរឯង ហើយឯងជាប់មានទោសវិញ
11 មានសម័យ១ ដែលមនុស្សហ៊ានជេរដល់ឪពុកខ្លួន ហើយមិនឲ្យពរដល់ម្តាយផង
12 មានសម័យ១ ដែលមនុស្សមើលខ្លួនឯង ស្មានថាបរិសុទ្ធ ប៉ុន្តែគេមិនទាន់បានលាងជំរះសេចក្តីស្មោកគ្រោករបស់គេចេញនៅឡើយទេ
13 មានសម័យ១ ដែលមនុស្សមានឫកខ្ពស់យ៉ាងណាហ្ន៎ ហើយមានភ្នែកឆ្មើងឆ្មៃផង
14 មានសម័យ១ ដែលមនុស្សមានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកំសត់ទុគ៌តពីកណ្តាលចំណោមមនុស្សលោកផង។
15 ឈ្លើងមានកូនញី២ វាស្រែកថា ចូរឲ្យ ចូរឲ្យមកចុះ មានសេចក្តី៣មុខ ដែលមិនចេះស្កប់ចិត្តឡើយក៏មាន៤ផង ដែលមិនចេះថា «ល្មម»នោះឡើយ
16 គឺស្ថានឃុំព្រលឹងមនុស្សស្លាប់១ ពោះស្ត្រីអារ១ ដីដែលមិនបានទឹកជោក១ ហើយនឹងភ្លើង ដែលមិនចេះថា«ល្មមហើយ»១ដែរ។
17 ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
18 មានសេចក្តី៣មុខ ដែលអស្ចារ្យហួសគំនិតខ្ញុំ អើក៏មាន៤ផង ដែលខ្ញុំរកស្គាល់មិនបាន
19 គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស១ ដំណើរនៃពស់លូននៅលើថ្ម១ ដំណើរនាវាបើកនៅកណ្តាលសមុទ្រ១ ហើយដំណើរមនុស្សកំឡោះនៅចំពោះស្ត្រីក្រមុំ១។
20 ឯដំណើររបស់ស្រីសំផឹងរមែងយ៉ាងដូច្នេះ គឺវាស៊ីហើយជូតមាត់ រួចពោលថា ខ្ញុំគ្មានធ្វើបាបអ្វីសោះ។
21 មានសេចក្តី៣មុខ ដែលធ្វើឲ្យផែនដីញ័រ ក៏មាន៤ផង ដែលផែនដីទ្រាំមិនបាន
22 គឺបាវបំរើដែលបានឡើងធ្វើជាស្តេច១ មនុស្សឥតរបប ដែលបានអាហារបរិបូរ១
23 ស្ត្រីគួរខ្ពើមដែលយកប្ដីនោះ១ ហើយខ្ញុំស្រីដែលជាអ្នកស៊ីមរដកចៅហ្វាយវា១។
24 មានសត្វ៤យ៉ាង ដែលតូចទាបណាស់នៅលើផែនដី តែមានប្រាជ្ញាដ៏លើសលុប
25 គឺស្រមោច១ ជាពួកសត្វដែលមានកំឡាំងខ្សោយ តែវាតែងតែប្រមូលទុកអាហារនៅរដូវក្តៅ
26 ទន្សាយថ្ម១ ជាពួកសត្វមិនសូវមានកំឡាំងទេ តែវាតាំងលំនៅវានៅក្នុងរូងថ្ម
27 កណ្តូប១ជាពួកសត្វឥតមានស្តេចទេ តែវាលើកគ្នាចេញទៅដោយហ្វូងៗ
28 ជីងចក់១ ជាសត្វដែលចាប់ដោយដៃបាន តែវានៅក្នុងដំណាក់ស្តេចផង។
29 មាន៣មុខ ដែលមានដំណើររុងរឿង ក៏មាន៤ផង ដែលមានដំណើរយ៉ាងល្អ
30 គឺជាសិង្ហ១ ជាសត្វខ្លាំងពូកែលើសជាងអស់ទាំងពួកសត្វ វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ
31 សេះចំបាំង១ ពពែឈ្មោល១ហើយមហាក្សត្រ១ ជាអ្នកដែលគ្មានអ្នកណាហ៊ានលើកខ្លួនទាស់ទទឹងនឹងទ្រង់ឡើយ។
32 បើឯងបានប្រព្រឹត្តបែបចំកួត ដោយលើកខ្លួនឡើង ឬបើឯងបានគិតគំនិតអាក្រក់ នោះចូរយកដៃខ្ទប់មាត់ចុះ
33 ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។