សុភាសិត 12 KHOV

1 អ្នក​ណា​ដែល​ចូល​ចិត្ត​ចំពោះ​សេចក្តី​ប្រៀន‌ប្រដៅ នោះ​ក៏​ស្រឡាញ់​ដំរិះ តែ​អ្នក​ណា​ដែល​ស្អប់​ដល់​សេចក្តី​បន្ទោស នោះ​ជា​មនុស្ស​កំរោល​វិញ។

2 មនុស្ស​ល្អ​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា តែ​ទ្រង់​នឹង​កាត់​ទោស ដល់​មនុស្ស​ណា​ដែល​គិត​គូ​បង្កើត​ការ​អាក្រក់។

3 គ្មាន​មនុស្ស​ណា​បាន​តាំង​មាំ‌មួន​ឡើង ដោយ‌សារ​អំពើ​អាក្រក់​ទេ តែ​ឫស​នៃ​មនុស្ស​សុចរិត​មិន​ត្រូវ​រលើង​ឡើយ។

4 ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្ដី តែ​ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ខ្មាស នោះ​ប្រៀប​ដូច​ជា​សេចក្តី​ពុក‌រលួយ​នៅ​ក្នុង​ឆ្អឹង​របស់​ប្ដី​វិញ។

5 អស់​ទាំង​គំនិត​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ទៀង​ត្រង់ តែ​គំនិត​របស់​មនុស្ស​អាក្រក់ នោះ​ជា​សេចក្តី​ឆ‌បោក​វិញ។

6 ពាក្យ​សំដី​របស់​មនុស្ស​អាក្រក់ សុទ្ធ​តែ​និយាយ​ពី​ការ​លប​ចាំ​កំចាយ​ឈាម តែ​មាត់​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ជួយ​ឲ្យ​គេ​រួច​វិញ។

7 មនុស្ស​អាក្រក់​ត្រូវ​ដួល ហើយ​មិន​នៅ​ទៀត​ទេ តែ​ផ្ទះ​របស់​មនុស្ស​សុចរិត​បាន​ស្ថិត‌ស្ថេរ​នៅ​វិញ។

8 មនុស្ស​នឹង​បាន​គេ​សរសើរ​តាម​ប្រាជ្ញា​របស់​ខ្លួន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​គេ​នឹង​ស្អប់​វិញ។

9 អ្នក​ណា​ដែល​គេ​រាប់​អាន​តិច តែ​មាន​បាវ​បំរើ នោះ​វិសេស​ជា​ជាង​មនុស្ស​ណា​ដែល​តំកើង​ខ្លួន ប៉ុន្តែ​ខ្វះ​ខាត​អាហារ​វិញ។

10 មនុស្ស​សុចរិត​រមែង​ប្រណី ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ នោះ​សាហាវ​ណាស់។

11 អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​បាយ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​តាម​សេចក្តី​ឥត​ប្រយោជន៍ នោះ​គ្មាន​យោបល់​វិញ។

12 ឯ​មនុស្ស​អាក្រក់ គេ​ចង់​បាន​របឹប​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​ឫស​របស់​មនុស្ស​សុចរិត នោះ​បង្កើត​ផល​ផ្លែ​វិញ។

13 មាន​អន្ទាក់​អាក្រក់ នៅ​ក្នុង​អំពើ​រំលង​របស់​បបូរ​មាត់ តែ​មនុស្ស​សុចរិត​នឹង​ចេញ​រួច​ពី​សេចក្តី​លំបាក។

14 មនុស្ស​នឹង​បាន​ស្កប់​ចិត្ត​នឹង​សេចក្តី​ល្អ ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​ខ្លួន ហើយ​កិច្ច‌ការ​ដែល​ដៃ​មនុស្ស​ធ្វើ​នោះ​នឹង​បាន​សង​ដល់​អ្នក​នោះ​វិញ។

15 មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្តី​ដំបូន្មាន​វិញ។

16 សេចក្តី​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​មនុស្ស​ល្ងី‌ល្ងើ នោះ​បាន​សំដែង​មក​ឲ្យ​ឃើញ​ភ្លាម តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​គេ​តែង​គ្រប​បាំង​សេចក្តី​ខ្មាស​វិញ។

17 អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត នោះ​រមែង​សំដែង​ចេញ​នូវ​សេចក្តី​សុចរិត តែ​សាក្សី​ក្លែង‌ក្លាយ នោះ​សំដែង​សេចក្តី​កំភូត​វិញ។

18 មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ។

19 បបូរ​មាត់​ដែល​បញ្ចេញ​សេចក្តី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជានិច្ច តែ​អណ្តាត​ភូត‌ភរ នោះ​នៅ​តែ​១​ភ្លែត​ទេ។

20 ការ​ឆ‌បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​សេចក្តី​អំណរ​សំរាប់​មនុស្ស​ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្តី​សុខ។

21 មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​កើត​មាន​សេចក្តី​ភិត‌ភ័យ​អន្តរាយ​ឡើយ តែ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​នឹង​បាន​ឆ្អែត​ដោយ​ការ​អាក្រក់។

22 បបូរ​មាត់​ដែល​ពោល​ពាក្យ​ភូត‌ភរ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់ នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​វិញ។

23 មនុស្ស​ដែល​មាន​គំនិត គេ​គ្រប​បាំង​ចំណេះ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​តែ​ប្រកាស​ពី​សេចក្តី​ល្ងង់​វិញ។

24 ដៃ​របស់​មនុស្ស​ព្យាយាម នឹង​បាន​ឡើង​គ្រប់​គ្រង តែ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ត្រូវ​ទទួល​ការ​បំរើ​វិញ។

25 ការ​ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ត នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ តែ​ពាក្យ​ល្អ​១​ម៉ាត់​នឹង​ធ្វើ​ឲ្យ​រីក‌រាយ​ឡើង។

26 មនុស្ស​សុចរិត​ជា​អ្នក​ចាំ​ផ្លូវ​ដល់​អ្នក​ជិត​ខាង តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​រមែង​នាំ​ឲ្យ​វង្វេង​វិញ។

27 មនុស្ស​ខ្ជិល​ច្រអូស គេ​មិន​អាំង​សាច់​របស់​សត្វ​ដែល​ខ្លួន​ចាប់​បាន​ទេ តែ​អ្វីៗ​ដែល​មនុស្ស​ឧស្សាហ៍​មាន នោះ​ក៏​រាប់​ជា​វិសេស​វិញ។

28 ជីវិត​ស្ថិត​នៅ​ក្នុង​ផ្លូវ​នៃ​សេចក្តី​សុចរិត ហើយ​ក្នុង​ផ្លូវ​ច្រក​នោះ​គ្មាន​សេចក្តី​ស្លាប់​ឡើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31