1 កុំឲ្យមានចិត្តច្រណែននឹងមនុស្សអាក្រក់សោះឡើយ ក៏កុំឲ្យចង់ទៅរួមនៅនឹងគេដែរ
2 ដ្បិតចិត្តគេគិតគូរតែការសង្កត់សង្កិនទទេ ហើយបបូរមាត់គេពោលតែសេចក្តីប្រទូសរ៉ាយ។
3 ការដែលសង់ផ្ទះឡើងបាន នោះក៏ដោយសារប្រាជ្ញា ហើយគឺដោយសារយោបល់ ដែលផ្ទះនោះនឹងបានតាំងនៅជាមាំមួន
4 ហើយដោយសារដំរិះ នោះបន្ទប់ទាំងឡាយបានពេញដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេស ជារបស់ដែលគាប់ចិត្ត។
5 មនុស្សមានប្រាជ្ញាក៏មានកំឡាំងច្រើន អើ មនុស្សដែលមានដំរិះក៏ចំរើនអំណាចខ្លួនឡើង
6 ដ្បិតដោយមានការជួយគំនិត ដែលប្រកបដោយប្រាជ្ញា នោះឯងនឹងអាចធ្វើសឹកសង្គ្រាមបាន ហើយដោយមានអ្នកប្រឹក្សាជាច្រើន នោះទើបបានជ័យជំនះ។
7 ប្រាជ្ញាជារបស់ខ្ពស់ហួសល្បត់មនុស្សល្ងីល្ងើ គេមិនបើកមាត់នៅត្រង់ទ្វារក្រុងឡើយ។
8 អ្នកណាដែលគិតគូរបង្កើតអំពើអាក្រក់ នោះនឹងបានឈ្មោះថាជាមនុស្សកោងកាច។
9 គំនិតគិតពីសេចក្តីចំកួត នោះជាអំពើបាប ហើយអ្នកដែលចំអកមើលងាយ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយ។
10 បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ។
11 ចូរជួយសង្គ្រោះពួកអ្នក ដែលគេដឹកនាំទៅឲ្យត្រូវស្លាប់ ហើយរាំងរាពួកអ្នកដែលកំពុងតែទៅឯទីសំឡាប់ចុះ
12 បើឯងថា មើល យើងមិនបានដឹងទេ ឯព្រះដែលទ្រង់ថ្លឹងមើលចិត្ត តើទ្រង់មិនពិចារណាឃើញ ហើយដែលទ្រង់ថែរក្សាព្រលឹងឯង តើមិនជ្រាបទេឬ តើទ្រង់នឹងមិនសងដល់មនុស្សទាំងឡាយតាមការដែលគេប្រព្រឹត្តទេឬអី។
13 កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតជារបស់ឆ្ងាញ់ ហើយសំណុំឃ្មុំដែលមានរសផ្អែមដល់មាត់ឯងផង
14 គឺយ៉ាងនោះ ដែលឯងនឹងដឹងថាប្រាជ្ញាក៏ល្អ ដល់ព្រលឹងឯងដែរ បើឯងរកប្រាជ្ញានោះឃើញ នោះនឹងបានរង្វាន់ ហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនត្រូវកាត់បង់ឡើយ។
15 នែ មនុស្សអាក្រក់អើយ កុំឲ្យលបចាំប្រទូស្តនឹងលំនៅរបស់មនុស្សសុចរិតឡើយ កុំឲ្យបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ
16 ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទំលាក់ ទៅក្នុងសេចក្តីអន្តរាយវិញ។
17 កុំឲ្យមានចិត្តរីករាយ ក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយ ក្នុងកាលដែលគេត្រូវទំលាក់ទៅដែរ
18 ក្រែងព្រះយេហូវ៉ាទ្រង់ទតឃើញ ហើយការនោះមិនគាប់ដល់ព្រះហឫទ័យ រួចទ្រង់បង្វែរសេចក្តីក្រោធចេញពីអ្នកនោះវិញ។
19 កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងមនុស្សកោងកាចដែរ
20 ដ្បិតនឹងគ្មានរង្វាន់ណា ឲ្យដល់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយចង្កៀងរបស់មនុស្សកោងកាច នឹងត្រូវរលត់ទៅ។
21 កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់ស្តេចផង កុំឲ្យឯងសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ
22 ដ្បិតសេចក្តីអន្តរាយនឹងលោមកលើគេភ្លាម តើអ្នកណានឹងអាចស្គាល់ការវិនាស ដែលមកពីព្រះនឹងស្តេចនោះបាន។
23 សេចក្តីទាំងនេះក៏ជាពាក្យពោលទុក របស់ពួកអ្នកប្រាជ្ញដែរ គឺថា ការដែលយោគយល់ខាងអ្នកណាក្នុងរឿងក្តី នោះមិនល្អទេ
24 អ្នកណាដែលកាត់ឲ្យមនុស្សអាក្រក់ថា ឯងសុចរិតទេ នោះបណ្តាជននឹងប្រទេចផ្តាសាដល់អ្នកនោះ ហើយអស់ទាំងសាសន៍នឹងស្អប់ខ្ពើមអ្នកនោះដែរ
25 តែឯអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់វិញ គេនឹងពេញចិត្តចំពោះអ្នកនោះ ហើយនឹងមានពរយ៉ាងវិសេសមកស្ថិតលើអ្នកនោះដែរ
26 អ្នកណាដែលតបឆ្លើយ ដោយពាក្យត្រឹមត្រូវ នោះគេនឹងថើបអ្នកនោះដោយបបូរមាត់។
27 ចូរត្រៀមការឯងនៅខាងក្រៅចុះ ហើយរៀបចំសំរាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ។
28 កុំឲ្យធ្វើបន្ទាល់ទាស់នឹងអ្នកជិតខាង ដោយឥតហេតុឡើយ ក៏កុំឲ្យបញ្ឆោតដោយបបូរមាត់ឯងដែរ
29 កុំឲ្យពោលដូច្នេះឡើយ ថា អញនឹងប្រព្រឹត្តដល់គេ ដូចជាគេបានប្រព្រឹត្តដល់អញដែរ អញនឹងសងដល់អ្នកនោះតាមការដែលគេបានប្រព្រឹត្តរួចហើយ។
30 យើងបានដើរក្បែរចំការរបស់មនុស្សខ្ជិលច្រអូស ហើយក្បែរដំណាំទំពាំងបាយជូររបស់មនុស្សដែលឥតមានប្រាជ្ញា
31 នោះឃើញថា មានបន្លាដុះគ្របពេញហើយ ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯកំផែងក៏រលំដែរ
32 នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត ក៏យល់ឃើញ ហើយទទួលសេចក្តីបង្រៀនថា
33 ដេកបន្តិច ងោកបន្តិច ឱបដៃ និងដេកបន្តិច
34 យ៉ាងនោះសេចក្តីកំសត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្តីខ្វះខាត ដូចជាមនុស្សកាន់គ្រឿងអាវុធផង។