1 ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹងវិញ។
2 អណ្តាតរបស់មនុស្សប្រាជ្ញ រមែងធ្វើឲ្យចំណេះបានពីរោះស្តាប់ តែមាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្តីចំកួតវិញ។
3 ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់ និងល្អផង។
4 ឯអណ្តាតដ៏លំហើយ នោះជាដើមឈើនៃជីវិត តែបើមានសេចក្តីវៀចវិញ នោះនាំឲ្យវិញ្ញាណបាក់បែកទៅ។
5 មនុស្សល្ងីល្ងើតែងតែស្អប់សេចក្តីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្តីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ។
6 នៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើន តែក្នុងកំរៃនៃមនុស្សអាក្រក់ តែងតែមានសេចក្តីវេទនាវិញ។
7 បបូរមាត់របស់មនុស្សប្រាជ្ញ រមែងផ្សាយចេញជាចំណេះ តែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេ។
8 យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្តីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្តីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ទ្រង់វិញ។
9 ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្តីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែទ្រង់ស្រឡាញ់ចំពោះអ្នកណាដែលដើរតាមសេចក្តីសុចរិតវិញ។
10 មានសេចក្តីផ្ចាញ់ផ្ចាលយ៉ាងសហ័ស បំរុងទុកសំរាប់អ្នកណាដែលបោះបង់ចេញពីផ្លូវ ហើយអ្នកណាដែលស្អប់សេចក្តីបន្ទោស នោះនឹងត្រូវស្លាប់។
11 ស្ថានឃុំព្រលឹងមនុស្សស្លាប់ និងទីវិនាស នោះប្រាកដច្បាស់នៅចំពោះព្រះយេហូវ៉ាទៅហើយ ចំណង់បើចិត្តនៃអស់ទាំងមនុស្សជាតិ តើច្បាស់ជាជាងអម្បាលម៉ានទៅទៀត។
12 មនុស្សដែលចំអកមើលងាយ គេមិនចូលចិត្តឲ្យអ្នកណាបន្ទោសខ្លួនឡើយ ក៏មិនដែលរកអ្នកប្រាជ្ញដែរ។
13 ចិត្តរីករាយ តែងតែបណ្តាលឲ្យមានទឹកមុខផូរផង់ តែវិញ្ញាណត្រូវបាក់បែកដោយកើតមានទុក្ខព្រួយក្នុងចិត្ត។
14 ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្តីចំកួតវិញ។
15 អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។
16 មានទ្រព្យសម្បត្តិតិច ហើយមានសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្តីទុក្ខវិញ។
17 ស៊ូឲ្យមានតែបន្លែជាម្ហូបនៅកន្លែងណាដែលមានសេចក្តីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ ហើយមានសេចក្តីសំអប់វិញ។
18 មនុស្សគំរោះគំរើយ រមែងបណ្តាលឲ្យមានសេចក្តីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរំងាប់សេចក្តីជំលោះវិញ។
19 ផ្លូវរបស់មនុស្សខ្ជិលច្រអូស ធៀបដូចជារបងបន្លា តែផ្លូវច្រករបស់មនុស្សទៀងត្រង់ត្រឡប់ជាថ្នល់ធំវិញ។
20 កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។
21 ឯការចំកួតជាសេចក្តីអំណរ ដល់មនុស្សដែលឥតប្រាជ្ញា តែមនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។
22 ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកជួយគំនិតជាច្រើន នោះនឹងកើតការវិញ។
23 មនុស្សរមែងមានសេចក្តីអំណរ ដោយពាក្យឆ្លើយរបស់ខ្លួន ហើយពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎។
24 ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ដែលនៅខាងក្រោម។
25 ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែទ្រង់នឹងតាំងគោលចារឹកនៃស្រីមេម៉ាយឲ្យមាំមួនវិញ។
26 គំនិតអាក្រក់ជាសេចក្តីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពាក្យសំដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ។
27 អ្នកណាដែលលោភចង់បានកំរៃ នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ តែអ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ។
28 ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយតែមាត់មនុស្សអាក្រក់បង្ហូរចេញជាសេចក្តីអាក្រក់វិញ។
29 ព្រះយេហូវ៉ាទ្រង់គង់នៅឆ្ងាយពីមនុស្សអាក្រក់ តែទ្រង់ស្តាប់សេចក្តីអធិស្ឋានរបស់មនុស្សសុចរិតវិញ។
30 ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ ហើយដំណឹងដែលគាប់ចិត្ត នោះរមែងចំរើនកំឡាំងដល់ឆ្អឹង។
31 ត្រចៀកណាដែលស្តាប់តាមសេចក្តីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្តាលពួកអ្នកប្រាជ្ញ។
32 អ្នកណាដែលមិនព្រមទទួលសេចក្តីប្រៀនប្រដៅនោះឈ្មោះថាស្អប់ខ្ពើមដល់ព្រលឹងខ្លួន តែអ្នកណាដែលស្តាប់តាមសេចក្តីបន្ទោស នោះបានយោបល់វិញ។
33 សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្តីសុភាពរាបសាតែងតែនាំមុខកិត្តិសព្ទ។