1 នេះជាសុភាសិតរបស់សាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ស្តេចសាសន៍អ៊ីស្រាអែល
2 សំរាប់ឲ្យបានស្គាល់ប្រាជ្ញា និងសេចក្តីប្រៀនប្រដៅ ហើយឲ្យបានយល់អស់ទាំងសេចក្តីដែលត្រូវខាងយោបល់
3 ក៏សំរាប់ឲ្យទទួលសេចក្តីបង្រៀននៃគំនិតត្រឹមត្រូវនៃសេចក្តីសុចរិត សេចក្តីយុត្តិធម៌ និងសេចក្តីទៀងត្រង់
4 ហើយសំរាប់ឲ្យមនុស្សឆោតល្ងង់មានសេចក្តីឆ្លៀវឆ្លាត និងឲ្យមនុស្សកំឡោះមានដំរិះ ហើយនឹងសតិបញ្ញានឹងធឹង
5 ប្រយោជន៍ឲ្យមនុស្សប្រាជ្ញបានស្តាប់ ហើយចំរើនចំណេះឡើង ឲ្យអ្នកណាដែលមានយោបល់បានដឹងដល់សេចក្តីទូន្មានមាំទាំ
6 ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត និងប្រស្នា អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ និងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។
7 សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃដំរិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្តីប្រៀនប្រដៅវិញ។
8 នែ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្តីដំបូន្មានរបស់ម្តាយឯងឡើយ
9 ដ្បិតសេចក្តីនោះនឹងបានជាគុណពាក់លើក្បាលឯង ទុកជាគ្រឿងលំអ ហើយជាខ្សែប្រដាប់ពាក់នៅកឯង
10 កូនអើយ បើមនុស្សមានបាបបបួលនាំឯង នោះកុំឲ្យព្រមតាមគេឡើយ
11 បើគេថាចូរមកជាមួយនឹងយើងចុះ យើងនឹងរង់ចាំឱកាសកំចាយឈាម យើងនឹងអែបលបដោយសំងាត់ ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ
12 យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
13 យើងនឹងបានប្រទះរបស់មានដំឡៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើងដោយរបឹប
14 ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែ១ប៉ុណ្ណោះ
15 កូនអើយ កុំឲ្យឯងដើរក្នុងផ្លូវជាមួយនឹងគេឡើយ ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុងផ្លូវច្រករបស់គេវិញ
16 ដ្បិតជើងគេរត់តាមតែសេចក្តីអាក្រក់ទេ គេក៏រហ័សនឹងកំចាយឈាមផង
17 ពីព្រោះការដែលដាក់លប់ នៅចំពោះសត្វហើរ ឲ្យវាឃើញនោះឥតប្រយោជន៍ទេ
18 ឯពួកនោះ គេរង់ចាំតែនឹងកំចាយឈាមរបស់ខ្លួនគេ ហើយក៏អែបលបដោយសំងាត់ ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញ
19 ចំណែកអស់អ្នកដែលលោភចង់បានកំរៃក៏យ៉ាងនោះដែរ សេចក្តីនោះនឹងដកយកជីវិតចេញពីអស់អ្នកដែលបណ្តោយតាមផង។
20 ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ ក៏បញ្ចេញសំឡេងនៅទីធ្លា
21 ប្រាជ្ញាស្រែកប្រកាសនៅទីផ្លូវប្រសព្វទ្រហឹងអឺងកង និងនៅមាត់ទ្វារក្រុង ឯនៅខាងក្នុងទីក្រុង នោះក៏បញ្ចេញពាក្យថា
22 ឱមនុស្សឆោតល្ងង់អើយ តើនឹងស្រឡាញ់សេចក្តីឆោតល្ងង់នោះដល់កាលណាទៀត ឯពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្តីឡកឡឺយ ហើយមនុស្សកំឡៅនឹងចេះតែស្អប់ដល់ការចេះដឹងដល់កាលណា
23 កាលណាអញបន្ទោស នោះចូរឲ្យឯងរាល់គ្នាបែរខ្លួនស្តាប់តាមចុះ នែ អញនឹងចាក់វិញ្ញាណអញទៅលើឯងរាល់គ្នា ហើយឲ្យឯងរាល់គ្នាបានយល់ពាក្យអញ
24 ពីព្រោះអញបានស្រែកហៅ តែឯងរាល់គ្នាមិនព្រមស្តាប់ទេ អញបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ
25 ឯងរាល់គ្នាក៏បោះបង់ចោលអស់ទាំងដំបូន្មានរបស់អញចេញ ហើយមិនព្រមទទួលពាក្យបន្ទោសរបស់អញដែរ
26 ដូច្នេះ អញនឹងសើចដែរ ក្នុងថ្ងៃដែលឯងរាល់គ្នាត្រូវអន្តរាយ អញនឹងចំអកឲ្យ ក្នុងកាលដែលឯងរាល់គ្នាកើតមានសេចក្តីភិតភ័យផង
27 គឺក្នុងកាលដែលសេចក្តីភិតភ័យមកលើឯងរាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្តីអន្តរាយរបស់ឯងរាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្តីលំបាក និងសេចក្តីទុក្ខព្រួយមកគ្របសង្កត់លើឯងរាល់គ្នា
28 ខណៈនោះ គេនឹងអំពាវនាវដល់អញ តែអញមិនព្រមឆ្លើយសោះ គេនឹងស្វែងរកអញអស់ពីចិត្ត តែគេនឹងរកអញមិនឃើញឡើយ
29 ពីព្រោះគេបានស្អប់ការចេះដឹងហើយមិនបានរើសយកសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាទេ
30 គេមិនបានយកចិត្តទុកដាក់នឹងដំបូន្មានរបស់អញឡើយ ក៏បានមើលងាយសេចក្តីបន្ទោសរបស់អញដែរ
31 ហេតុនោះបានជាត្រូវឲ្យគេស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន
32 ដ្បិតឯពួកឆោតល្ងង់នោះ ការថយទៅវិញរបស់គេនឹងសំឡាប់គេទៅ ហើយចំណែកមនុស្សកំឡៅ នោះសេចក្តីសុខស្រួលរបស់គេនឹងឲ្យគេវិនាសដែរ
33 តែអ្នកណាដែលស្តាប់តាមអញ នោះនឹងនៅដោយសេចក្តីសុខពិត ហើយនឹងមានសេចក្តីសំរាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ។