សុភាសិត 13 KHOV

1 កូន​ដែល​មាន​ប្រាជ្ញា​រមែង​ស្តាប់​តាម​ដំបូន្មាន​របស់​ឪពុក តែ​មនុស្ស​ចំអក​មើល‌ងាយ មិន​ព្រម​ស្តាប់​តាម​ពាក្យ​បន្ទោស​ទេ។

2 មនុស្ស​នឹង​បាន​សេចក្តី​ល្អ​ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​មក តែ​ព្រលឹង​របស់​មនុស្ស​ក្បត់​នឹង​បាន​តែ​សេចក្តី​ច្រឡោត​វិញ។

3 អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន​តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ។

4 ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ ឯ​ព្រលឹង​នៃ​មនុស្ស​ព្យាយាម នោះ​នឹង​បាន​ជា​បរិបូរ​វិញ។

5 មនុស្ស​សុចរិត​រមែង​ស្អប់​ពាក្យ​ភូត‌ភរ តែ​មនុស្ស​អាក្រក់​គេ​គួរ​ខ្ពើម ហើយ​មាន​សេចក្តី​ខ្មាស​ផង។

6 សេចក្តី​សុចរិត​តែង​តែ​ការ‌ពារ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ តែ​អំពើ​អាក្រក់​រមែង​ផ្តួល​មនុស្ស​មាន​បាប​វិញ។

7 មាន​គេ​ដែល​ខំ​ប្រឹង​ឲ្យ​បាន​ជា​អ្នក​ស្តុក‌ស្តម្ភ តែ​គេ​គ្មាន​អ្វី​សោះ ក៏​មាន​មនុស្ស​ដែល​ទៅ​ជា​ក្រ តែ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។

8 ឯ​ទ្រព្យ​សម្បត្តិ នឹង​ទុក​សំរាប់​លោះ​ជីវិត​មនុស្ស​បាន តែ​មនុស្ស​ក្រ​គេ​មិន​ដែល​ឮ​ពាក្យ​កំហែង​ទេ។

9 ពន្លឺ​នៃ​មនុស្ស​សុចរិត នោះ​ជា​ទី​សប្បាយ​ហើយ តែ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ។

10 ផល​នៃ​សេចក្តី​ឆ្មើង‌ឆ្មៃ នោះ​មាន​តែ​ការ​ទាស់‌ទែង​គ្នា​ប៉ុណ្ណោះ តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក​ដែល​ស្តាប់​តាម​សេចក្តី​ទូន្មាន។

11 ទ្រព្យ​សម្បត្តិ​ដែល​បាន​ដោយ​ការ​មិន​គួរ​គប្បី នោះ​នឹង​ខ្ជះ‌ខ្ជាយ​ទៅ តែ​អ្នក​ណា​ដែល​សន្សំ​ដោយ​ប្រឹង‌ប្រែង​នោះ​នឹង​បាន​ចំរើន​កើន​ឡើង។

12 សេចក្តី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត តែ​កាល​ណា​បាន​ដូច​ប្រាថ្នា នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ​នៃ​ជីវិត​វិញ។

13 អ្នក​ណា​ដែល​មើល‌ងាយ​ព្រះ‌បន្ទូល នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ក្រឹត្យ‌វិន័យ​នោះ​នឹង​បាន​រង្វាន់​វិញ។

14 ឱវាទ​របស់​អ្នក​ប្រាជ្ញ​ជា​រន្ធ​ទឹក​នៃ​ជីវិត សំរាប់​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្តី​ស្លាប់។

15 គំនិត​ឆ្លុះ​មុត នោះ​នាំ​ឲ្យ​គេ​រាប់​អាន តែ​ផ្លូវ​របស់​មនុស្ស​ដែល​រំលង​ច្បាប់ នោះ​ពិបាក​វិញ។

16 គ្រប់​ទាំង​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត រមែង​ប្រព្រឹត្ត​ដោយ​ដំរិះ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​បង្អួត​សេចក្តី​ចំកួត​របស់​ខ្លួន​វិញ។

17 មនុស្ស​អាក្រក់​ដែល​នាំ​ដំណឹង នោះ​តែង​ធ្លាក់​ទៅ​ក្នុង​ការ​អាក្រក់ តែ​ទូត​ស្មោះ‌ត្រង់ នោះ​ចំរើន​សេចក្តី​សុខ​វិញ។

18 អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ នឹង​ត្រូវ​ក្រ​លំបាក ហើយ​អៀន‌ខ្មាស​ទៅ តែ​អ្នក​ណា​ដែល​ព្រម​ស្តាប់​តាម​សេចក្តី​បន្ទោស​វិញ នោះ​នឹង​បាន​កិត្តិសព្ទ។

19 ការ​ដែល​បាន​សំរេច​តាម​បំណង​ចិត្ត នោះ​មាន​រស់​ផ្អែម​ដល់​ព្រលឹង​ហើយ តែ​ដែល​លះ​ចេញ​ពី​អំពើ​អាក្រក់ នោះ​ជា​សេចក្តី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ល្ងី‌ល្ងើ​វិញ។

20 អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់‌ប្រសព្វ​នឹង​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ។

21 សេចក្តី​អាក្រក់​ដេញ​ជាប់​តាម​មនុស្ស​មាន​បាប តែ​មនុស្ស​សុចរិត នឹង​បាន​រង្វាន់​ជា​សេចក្តី​ល្អ​វិញ។

22 មនុស្ស​ល្អ គេ​តែង​តែ​ទុក​មរដក​ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក​សំរាប់​មនុស្ស​សុចរិត​វិញ។

23 ការ​ភ្ជួរ‌រាស់​របស់​មនុស្ស​ក្រី‌ក្រ នោះ​រមែង​បង្កើត​អាហារ​ជា​ច្រើន តែ​មាន​គេ​ដែល​ត្រូវ​បំផ្លាញ​វិញ ដោយ​ខ្វះ​សេចក្តី​យុត្តិ‌ធម៌។

24 អ្នក​ណា​ដែល​មិន‌សូវ​ប្រើ​រំពាត់ នោះ​ឈ្មោះ​ថា ស្អប់​កូន តែ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​វិញ នោះ​ឧស្សាហ៍​វាយ‌ផ្ចាល​វា។

25 មនុស្ស​សុចរិត​គេ​បរិភោគ​ទាល់​តែ​ស្កប់‌ស្កល់ តែ​ពោះ​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​អត់‌ឃ្លាន​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31