1 ឯពាក្យទាំងនេះ គឺជាព្រះបន្ទូលរបស់ស្តេចលេមយួល ជាសេចក្តីទំនាយ ដែលព្រះមាតាទ្រង់បានបង្រៀនទ្រង់ទុក។
2 ម៉េចកូនអើយ ម៉េច កូនដែលកើតពីផ្ទៃអញអើយ ឱកូននៃបំណន់អញអើយ តើត្រូវឲ្យអញប្រាប់ឯងដូចម្តេច
3 គឺកុំឲ្យបង់កំឡាំងឯងប្រគល់ពួកស្រី ឬអំពើឯងដល់ការ ដែលបំផ្លាញពួកស្តេចឡើយ
4 ឱលេមយួលអើយ មិនគួរឲ្យពួកស្តេចបានសោយស្រាទំពាំងបាយជូរ គឺមិនគួរសោះឡើយ ក៏មិនគួរឲ្យអ្នកដែលជាកំពូលប្រាថ្នាគ្រឿងស្រវឹងដែរ
5 ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តច្បាប់ ហើយបង្វែរសេចក្តីយុត្តិធម៌ពីមនុស្សដែលកើតទុក្ខវេទនាចេញ។
6 ចូរឲ្យគ្រឿងស្រវឹង ដល់អ្នកណាដែលហៀបនឹងវិនាសទៅ ហើយស្រាទំពាំងបាយជូរដល់អ្នកដែលមានចិត្តជូរល្វីងវិញ
7 ឲ្យគេផឹកចុះ ដើម្បីឲ្យបានភ្លេចសេចក្តីកំសត់ទុគ៌តរបស់គេ ឥតនឹកចាំពីទុក្ខលំបាករបស់ខ្លួនតទៅទៀត
8 ចូរបើកមាត់និយាយជំនួសមនុស្សគ ក្នុងរឿងក្តីរបស់ពួកអ្នកដែលឥតមានអ្នកណាជួយ
9 ចូរបើកមាត់វិនិច្ឆ័យតាមសេចក្តីសុចរិត ហើយសំរេចសេចក្តីយុត្តិធម៌ដល់មនុស្សកំសត់ទុគ៌ត និងមនុស្សក្រលំបាកដែរ។
10 ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានដំឡៃជាជាងពួកត្បូងទទឹមទៅទៀត
11 ប្ដីនាងនឹងទុកចិត្តចំពោះនាង ហើយមិនត្រូវខ្វះខាតអ្វីឡើយ
12 នាងធ្វើឲ្យប្ដីបានសេចក្តីល្អ មិនមែនអាក្រក់ឡើយ រហូតដល់អស់១ជីវិតនាង
13 នាងរករោមចៀម និងខ្លូតទេស ក៏ធ្វើការដោយដៃយ៉ាងស្ម័គ្រពីចិត្ត
14 នាងធៀបដូចជានាវាដឹកទំនិញ គឺនាងនាំយកអាហារមកពីទីឆ្ងាយ
15 នាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយ ក៏ចាត់ចែងអាហារឲ្យពួកផ្ទះ ហើយបង្គាប់ការដល់ពួកបាវស្រីទាំងប៉ុន្មាន
16 នាងពិចារណាមើលចំការ១ ហើយក៏ទិញទុក រួចយកផលនៃស្នាដៃនាង ទៅដាំដំណាំទំពាំងបាយជូរ
17 នាងទំលាប់ចង្កេះឲ្យមានកំឡាំង ហើយឲ្យដៃបានខ្លាំងឡើងដែរ
18 នាងឃើញថា ទំនិញរបស់នាងសុទ្ធតែមានកំរៃ ហើយយប់ៗចង្កៀងនាងមិនរលត់ទេ
19 នាងចាប់យកហុង ហើយម្រាមដៃក៏កាន់ខ្នារ
20 នាងឈោងដៃដល់មនុស្សកំសត់ទុគ៌ត អើ នាងហុចដៃទៅជួយមនុស្សក្រលំបាកផង
21 ចំណែកពួកផ្ទះនាង នោះនាងមិនខ្លាចចំពោះហិមៈទេ ដ្បិតគេសុទ្ធតែស្លៀកពាក់សំពត់សក្លាតពណ៌ក្រហម
22 នាងត្បាញសំពត់ដណ្តប់ខ្លួន សំលៀកបំពាក់របស់នាងសុទ្ធតែធ្វើពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត មានពណ៌ស្វាយ
23 កាលណាប្ដីនាងទៅអង្គុយត្រង់ទ្វារក្រុងក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុក នោះគេក៏ស្គាល់រាប់អានគាត់ដែរ
24 នាងក៏ធ្វើអាវខ្លូតទេសសំរាប់លក់ ហើយធ្វើខ្សែក្រវាត់ឲ្យដល់អ្នកជំនួញ
25 នាងមានកំឡាំងនឹងលំអជាគ្រឿងអម្ពរ ក៏នឹកសើចពីហេតុណាដែលកើតបាននៅខាងមុខ
26 នាងពោលដោយប្រាជ្ញា ហើយនៅអណ្តាតនាងមានសេចក្តីសប្បុរស
27 នាងថែមើលអស់ទាំងផ្លូវរបស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារដោយសេចក្តីកំជិលឡើយ
28 កូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើងគោរពដល់ម្តាយ ថាជាអ្នកមានពរ ប្ដីក៏ក្រោកឈរឡើងសរសើរដល់នាងដែរថា
29 មានស្រីៗជាច្រើនបានប្រព្រឹត្តដោយគ្រប់លក្ខណ៍ តែនាងបានវិសេសលើសជាងគេទាំងអស់។
30 រូបឆោមឆាយជាសេចក្តីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ
31 ចូរថ្លែងពីផលដែលដៃនាងបានបង្កើត ហើយទុកឲ្យស្នាដៃរបស់នាងបានជាទីសរសើរដល់នាងនៅទ្វារក្រុងចុះ។:៚