សុភាសិត 16 KHOV

1 គំនិត​ដែល​ចាត់‌ចែង​ក្នុង​ចិត្ត នោះ​ស្រេច​នៅ​មនុស្ស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ឆ្លើយ​សំរេច​ការ​នោះ​វិញ។

2 គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ស្អាត​នៅ​ភ្នែក​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ថ្លឹង​អស់​ទាំង​ទឹក​ចិត្ត​វិញ។

3 ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះ‌យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង​នឹង​បាន​សំរេច។

4 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ ឲ្យ​សម​នឹង​ប្រយោជន៍​នៃ​របស់​នោះ​ឯង អើ ទោះ​ទាំង​មនុស្ស​អាក្រក់​ក៏​បាន​កើត​មក​សំរាប់​ថ្ងៃ​នៃ​សេចក្តី​អាក្រក់​ដែរ។

5 អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​គេ​មិន​រួច​ពី​ទោស​ឡើយ។

6 ឯ​អំពើ​កំហុស នោះ​នឹង​បាន​ជ្រះ​ស្អាត ដោយ‌សារ​សេចក្តី​មេត្តា និង​សេចក្តី​ពិត ហើយ​មនុស្ស​នឹង​រួច​ពី​សេចក្តី​អាក្រក់​បាន ដោយ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។

7 កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​បណ្តាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ​បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។

8 បើ​មាន​ទ្រព្យ​តិច ហើយ​មាន​សេចក្តី​សុចរិត នោះ​វិសេស​ជាង​មាន​កំរៃ​ច្រើន តែ​មាន​សេចក្តី​ទុច្ចរិត​វិញ។

9 ចិត្ត​របស់​មនុស្ស​រមែង​គិត​សំរេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ដំរង់​ជំហាន​គេ​វិញ។

10 មាន​ពាក្យ​ទំនាយ​នៅ​ព្រះ‌រឹម​នៃ​ស្តេច ហើយ​ព្រះ‌ឱស្ឋ​ទ្រង់​នឹង​មិន​សំរេច​ខុស​ក្នុង​ការ​វិនិច្ឆ័យ​ឡើយ។

11 ជញ្ជីង ហើយ​នឹង​ត្រាជូ​ត្រឹម​ត្រូវ នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ឯ​អស់​ទាំង​កូន​ជញ្ជីង​នៅ​ក្នុង​ថង់​ក៏​ជា​ស្នាដៃ​របស់​ទ្រង់​ដែរ។

12 បើ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ជា​ទី​គួរ​ស្អប់​ខ្ពើម​ហើយ ដ្បិត​រាជ្យ​បាន​តាំង​នៅ​ជាប់ ដោយ‌សារ​តែ​សេចក្តី​សុចរិត​ទេ។

13 ឯ​បបូរ​មាត់​សុចរិត នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​នៃ​ស្តេច​ណាស់ ហើយ​ទ្រង់​ក៏​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ពោល​ដោយ​ត្រឹម​ត្រូវ។

14 សេចក្តី​ក្រោធ​របស់​ស្តេច ប្រៀប​ដូច​ជា​អ្នក​បំរើ​នៃ​សេចក្តី​ស្លាប់ មនុស្ស​មាន​ប្រាជ្ញា​នឹង​ខំ​រំងាប់​សេចក្តី​ក្រោធ​នោះ​ទៅ។

15 កាល​ណា​ស្តេច​មាន​ព្រះ‌ភក្ត្រ​រីក‌រាយ នោះ​ឯង​បាន​ជីវិត​គង់​នៅ​ហើយ ឯ​ព្រះ‌គុណ​ទ្រង់​ក៏​ដូច​ជា​ពពក​នៅ​ចុង​រដូវ​ភ្លៀង។

16 ការ​ដែល​បាន​ប្រាជ្ញា នោះ​វិសេស​ជាង​បាន​មាស​តើ​អំបាលម៉ាន​ទៅ អើ ការ​ដែល​បាន​យោបល់ នោះ​គួរ​រើស​យក​ជា​ជាង​ប្រាក់​ទៅ​ទៀត។

17 ផ្លូវ​របស់​មនុស្ស​ទៀង​ត្រង់ នោះ​គឺ​ជា​ការ​ចៀស​វាង​ពី​អំពើ​អាក្រក់ អ្នក​ណា​ដែល​រក្សា​ទុក​នូវ​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​នោះ​ឈ្មោះ​ថា​ការ‌ពារ​ព្រលឹង​ខ្លួន។

18 សេចក្តី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្តី​ហិន‌វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។

19 ការ​ដែល​មាន​ចិត្ត​សុភាព ជា​មួយ​នឹង​ពួក​មនុស្ស​រាប​ទាប នោះ​វិសេស​ជាង​ការ​ចែក​របឹប​ជា​មួយ​នឹង​មនុស្ស​អួត​អាង។

20 អ្នក​ណា​ដែល​រំពឹង​គិត​ពី​ដំណើរ​អ្វី នោះ​នឹង​បាន​សេចក្តី​ល្អ​ចេញ​ពី​នោះ​មក ហើយ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​សប្បាយ​ហើយ។

21 ឯ​អ្នក​ណា​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នក​ឆ្លៀវ‌ឆ្លាត ហើយ​សេចក្តី​ផ្អែម‌ល្ហែម​នៃ​បបូរ​មាត់​ក៏​ចំរើន​ចំណេះ​កាន់​តែ​ច្រើន​ឡើង។

22 អ្នក​ណា​ដែល​មាន​យោបល់​ហើយ យោបល់​នោះ​ឯង​ជា​រន្ធ​ទឹក​នៃ​ជីវិត​ដល់​អ្នក​នោះ ហើយ​ការ​វាយ‌ផ្ចាល​របស់​មនុស្ស​ល្ងី‌ល្ងើ គឺ​ជា​សេចក្តី​ចំកួត​របស់​ខ្លួន​គេ។

23 ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើន​ឲ្យ​បបូរ​មាត់​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង។

24 ពាក្យ​សំដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង។

25 មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្តី​ស្លាប់។

26 ការ​ស្រេក​ឃ្លាន​របស់​អ្នក​ណា​ដែល​រក​ស៊ី នោះ​ខំ​ធ្វើ​សំរាប់​ខ្លួន​អ្នក​នោះ​ឯង ដ្បិត​មាត់​ខ្លួន​បង្ខំ​ឲ្យ​ធ្វើ​ទៅ។

27 មនុស្ស​ចោល‌ម្សៀត គេ​គិត​គូ​បង្កើត​ការ​អាក្រក់ ហើយ​នៅ​បបូរ​មាត់​គេ​មាន​ភ្លើង​ក្តៅ​ដែរ។

28 មនុស្ស​វៀច​វេរ គេ​សាប‌ព្រោះ​សេចក្តី​ទាស់‌ទែង​គ្នា ហើយ​អ្នក​បេះ‌បួយ ក៏​នាំ​ឲ្យ​ទាំង​មិត្រ​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ។

29 មនុស្ស​ច្រឡោត​គេ​ល្បួង​អ្នក​ជិត​ខាង ហើយ​ក៏​នាំ​ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ល្អ។

30 គេ​ធ្មេច​ភ្នែក ដើម្បី​គិត‌គូរ​បង្កើត​ការ​វៀច គេ​ខាំ​មាត់​ខ្លួន ដើម្បី​នឹង​គិត​សំរេច​ការ​អាក្រក់។

31 ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្តិសព្ទ។

32 អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កំឡាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន​ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ​យក​បាន​ទី​ក្រុង​ទៅ​ទៀត។

33 មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែ​ដែល​សំរេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31