សុភាសិត 11:18-24 KHOV

18 មនុស្ស​អាក្រក់​បាន​កំរៃ​ដែល​តែង​តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្តី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់‌លាប់។

19 ចំណែក​សេចក្តី​សុចរិត តែង​នាំ​ឲ្យ​បាន​ជីវិត តែ​អ្នក​ណា​ដែល​ដេញ​តាម​អំពើ​អាក្រក់ នោះ​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​វិញ។

20 អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន​ប្រព្រឹត្ត នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​វិញ។

21 ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់​នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។

22 ស្ត្រី​មាន​រូប​ស្រស់​ល្អ ដែល​ឥត​មាន​គំនិត​មារយាទ នោះ​ប្រៀប​ដូច​ជា​ក្រវិល​មាស​ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។

23 សេចក្តី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ល្អ តែ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​ខាង​សេចក្តី​ក្រេវ‌ក្រោធ​វិញ។

24 មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។