សុភាសិត 11:22-28 KHOV

22 ស្ត្រី​មាន​រូប​ស្រស់​ល្អ ដែល​ឥត​មាន​គំនិត​មារយាទ នោះ​ប្រៀប​ដូច​ជា​ក្រវិល​មាស​ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។

23 សេចក្តី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ល្អ តែ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​ខាង​សេចក្តី​ក្រេវ‌ក្រោធ​វិញ។

24 មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។

25 មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។

26 ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ បណ្តា‌ជន​នឹង​ប្រទេច​ផ្តាសា​អ្នក​នោះ តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល​នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។

27 អ្នក​ណា​ដែល​ព្យាយាម​ស្វែង​រក​សេចក្តី​ល្អ នោះ​រមែង​បាន​គេ​រាប់​អាន​ដល់​ខ្លួន​ដែរ តែ​អ្នក​ណា​ដែល​ស្វែង​រក​តាម​អាក្រក់ ការ​អាក្រក់​នឹង​កើត​ដល់​អ្នក​នោះ​ឯង។

28 អ្នក​ណា​ដែល​ទី​ពឹង​ចំពោះ​ទ្រព្យ​សម្បត្តិ​ខ្លួន នោះ​នឹង​ត្រូវ​ដួល​ចុះ តែ​មនុស្ស​សុចរិត​នឹង​ចំរើន​ឡើង ដូច​ជា​ស្លឹក​ឈើ​ខៀវ​ខ្ចី។