សុភាសិត 12:20-26 KHOV

20 ការ​ឆ‌បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​សេចក្តី​អំណរ​សំរាប់​មនុស្ស​ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្តី​សុខ។

21 មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​កើត​មាន​សេចក្តី​ភិត‌ភ័យ​អន្តរាយ​ឡើយ តែ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​នឹង​បាន​ឆ្អែត​ដោយ​ការ​អាក្រក់។

22 បបូរ​មាត់​ដែល​ពោល​ពាក្យ​ភូត‌ភរ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់ នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​វិញ។

23 មនុស្ស​ដែល​មាន​គំនិត គេ​គ្រប​បាំង​ចំណេះ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​តែ​ប្រកាស​ពី​សេចក្តី​ល្ងង់​វិញ។

24 ដៃ​របស់​មនុស្ស​ព្យាយាម នឹង​បាន​ឡើង​គ្រប់​គ្រង តែ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ត្រូវ​ទទួល​ការ​បំរើ​វិញ។

25 ការ​ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ត នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ តែ​ពាក្យ​ល្អ​១​ម៉ាត់​នឹង​ធ្វើ​ឲ្យ​រីក‌រាយ​ឡើង។

26 មនុស្ស​សុចរិត​ជា​អ្នក​ចាំ​ផ្លូវ​ដល់​អ្នក​ជិត​ខាង តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​រមែង​នាំ​ឲ្យ​វង្វេង​វិញ។