សុភាសិត 14:1-6 KHOV

1 គ្រប់​ទាំង​ស្រីៗ ដែល​មាន​ប្រាជ្ញា​រមែង​សង់​ផ្ទះ​របស់​ខ្លួន​ឡើង តែ​ស្ត្រី​ល្ងី‌ល្ងើ​គេ​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​វិញ។

2 អ្នក​ណា​ដែល​ដើរ​ដោយ​សេចក្តី​ទៀង​ត្រង់​របស់​ខ្លួន នោះ​រមែង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​វៀច នោះ​ឈ្មោះ​ថា​មើល‌ងាយ​ទ្រង់​វិញ។

3 នៅ​ក្នុង​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​មាន​រំពាត់​សំរាប់​បង្ក្រាប​សេចក្តី​អំនួត​របស់​វា តែ​បបូរ​មាត់​មនុស្ស​ប្រាជ្ញ នឹង​ការ‌ពារ​ខ្លួន​គេ​វិញ។

4 ផ្ទះ​ណា​គ្មាន​គោ នោះ​ក្រោល​រមែង​ស្អាត​ល្អ តែ​គឺ​ដោយ​កំឡាំង​គោ​នោះ​ឯង ដែល​នឹង​ចំរើន​កើន​ឡើង​បាន។

5 សាក្សី​ស្មោះ‌ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ​តែង​តែ​ពោល​ពាក្យ​ភូត‌ភរ​វិញ។

6 មនុស្ស​ចំអក គេ​ខំ​ស្វែង​រក​ប្រាជ្ញា តែ​មិន​បាន​ទេ ឯ​ចំណេះ​វិញ នោះ​ងាយ​ដល់​អ្នក​ណា​ដែល​មាន​យោបល់។