សុភាសិត 14:26-32 KHOV

26 មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​មាន​ទី​ពឹង​មាំ‌មួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ។

27 សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្តី​ស្លាប់។

28 ដែល​ស្តេច​មាន​សិរី‌ល្អ នោះ​គឺ​ដោយ​មាន​រាស្ត្រ​ជា​ច្រើន ឯ​ចៅ‌ហ្វាយ បើ​គ្មាន​បណ្តា‌ជន នោះ​ត្រូវ​ធ្លាក់​ចុះ​វិញ។

29 អ្នក​ណា​ដែល​មិន​ឆាប់​ខឹង នោះ​ឯង​ជា​អ្នក​ប្រកប​ដោយ​យោបល់​ច្រើន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ឆុរ‌ឆេវ​នោះ​សំញែង​សេចក្តី​ចំកួត​របស់​ខ្លួន​វិញ។

30 ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្តី​ពុក‌រលួយ​ដល់​ឆ្អឹង​វិញ។

31 អ្នក​ណា​ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដ៏​បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កំសត់​ទុគ៌ត នោះ​ជា​អ្នក​លើក​ដំកើង​ទ្រង់​វិញ។

32 មនុស្ស​អាក្រក់​ត្រូវ​ធ្លាក់​ចុះ ដោយ​អំពើ​ខូច​អាក្រក់​របស់​ខ្លួន តែ​មនុស្ស​សុចរិត​មាន​ទី​ពំនាក់​ក្នុង​កាល​ដែល​ស្លាប់​វិញ។