សុភាសិត 14:29-35 KHOV

29 អ្នក​ណា​ដែល​មិន​ឆាប់​ខឹង នោះ​ឯង​ជា​អ្នក​ប្រកប​ដោយ​យោបល់​ច្រើន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ឆុរ‌ឆេវ​នោះ​សំញែង​សេចក្តី​ចំកួត​របស់​ខ្លួន​វិញ។

30 ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្តី​ពុក‌រលួយ​ដល់​ឆ្អឹង​វិញ។

31 អ្នក​ណា​ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដ៏​បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កំសត់​ទុគ៌ត នោះ​ជា​អ្នក​លើក​ដំកើង​ទ្រង់​វិញ។

32 មនុស្ស​អាក្រក់​ត្រូវ​ធ្លាក់​ចុះ ដោយ​អំពើ​ខូច​អាក្រក់​របស់​ខ្លួន តែ​មនុស្ស​សុចរិត​មាន​ទី​ពំនាក់​ក្នុង​កាល​ដែល​ស្លាប់​វិញ។

33 មាន​ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​មាន​យោបល់ តែ​សេចក្តី​ដែល​នៅ​ខាង​ក្នុង​មនុស្ស​ល្ងី‌ល្ងើ​នោះ​រមែង​សំដែង​ចេញ​មក។

34 សេចក្តី​សុចរិត​រមែង​លើក​ដំកើង​នគរ តែ​អំពើ​បាប​ជា​ទី​គួរ​ខ្មាស​ដល់​សាសន៍​ណាៗ​ក៏​ដោយ។

35 មហា‌ក្សត្រ​តែង​ផ្តល់​គុណ ដល់​អ្នក​បំរើ​ណា​ដែល​ប្រព្រឹត្ត​ដោយ​អើ‌ពើ តែ​សេចក្តី​ក្រោធ​របស់​ទ្រង់ នឹង​ទាស់​ចំពោះ​អ្នក​ណា​ដែល​បង្កើត​ហេតុ​ឲ្យ​ខ្មាស​វិញ។