សុភាសិត 15:1-7 KHOV

1 ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ។

2 អណ្តាត​របស់​មនុស្ស​ប្រាជ្ញ រមែង​ធ្វើ​ឲ្យ​ចំណេះ​បាន​ពី‌រោះ​ស្តាប់ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​បង្ហូរ​ចេញ​ជា​សេចក្តី​ចំកួត​វិញ។

3 ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​នៅ​គ្រប់​អន្លើ ក៏​យាម​មើល​ឃើញ​ទាំង​អស់ ទោះ​ទាំង​អាក្រក់ និង​ល្អ​ផង។

4 ឯ​អណ្តាត​ដ៏​លំហើយ នោះ​ជា​ដើម​ឈើ​នៃ​ជីវិត តែ​បើ​មាន​សេចក្តី​វៀច​វិញ នោះ​នាំ​ឲ្យ​វិញ្ញាណ​បាក់​បែក​ទៅ។

5 មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ស្អប់​សេចក្តី​ប្រៀន‌ប្រដៅ​របស់​ឪពុក តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស នោះ​នឹង​បាន​គំនិត​វាង‌វៃ​វិញ។

6 នៅ​ក្នុង​ផ្ទះ​មនុស្ស​សុចរិត​មាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​ក្នុង​កំរៃ​នៃ​មនុស្ស​អាក្រក់ តែង​តែ​មាន​សេចក្តី​វេទនា​វិញ។

7 បបូរ​មាត់​របស់​មនុស្ស​ប្រាជ្ញ រមែង​ផ្សាយ​ចេញ​ជា​ចំណេះ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​មិន​មែន​ដូច្នោះ​ទេ។