សុភាសិត 17:10-16 KHOV

10 ពាក្យ​បន្ទោស​តែ​១​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត​របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ​១០០​រំពាត់​ទៅ​ទៀត។

11 មនុស្ស​ខូច​អាក្រក់ គេ​រក​តែ​បះ‌បោរ​ម្យ៉ាង​ប៉ុណ្ណោះ ដូច្នេះ នឹង​ត្រូវ​មាន​អ្នក​បំរើ​យ៉ាង​សាហាវ ចេញ​មក​ទាស់​នឹង​គេ។

12 ស៊ូ​ឲ្យ​ប្រទះ​នឹង​មេ​ខ្លា‌ឃ្មុំ​ដែល​បាត់​កូន នោះ​គ្រាន់​បើ​ជាង​ប្រទះ​នឹង​មនុស្ស​ល្ងី‌ល្ងើ ដែល​កំពុង​តែ​ប្រព្រឹត្ត​ការ​ចំកួត​របស់​ខ្លួន។

13 ឯ​អ្នក​ណា​ដែល​សង​ការ​អាក្រក់ ស្នង​នឹង​ការ​ល្អ​សេចក្តី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ឡើយ។

14 ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា នោះ​ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​លើក​ការ​ទាស់​គ្នា​ចេញ មុន​ដែល​កើត​មាន​ការ​ប្រឈ្លោះ​គ្នា​ផង។

15 អ្នក​ណា​ដែល​រាប់​មនុស្ស​អាក្រក់​ជា​ឥត​មាន​ទោស ហើយ​អ្នក​ណា​ដែល​កាត់​ទោស​ដល់​មនុស្ស​សុចរិត អ្នក​ទាំង​២​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។

16 ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​មាន​ប្រាក់​នៅ​ដៃ​សំរាប់​នឹង​រៀន​យក​ប្រាជ្ញា នោះ​តើ​មាន​ប្រយោជន៍​អ្វី បើ​ឃើញ​ថា វា​គ្មាន​ចិត្ត​ចង់​បាន​ទេ។