សុភាសិត 17:6-12 KHOV

6 កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។

7 ពាក្យ​សំដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​បបូរ​មាត់​កំភូត តើ​មិន​សំណំ​នឹង​មនុស្ស​ត្រកូល​ខ្ពស់​ជា​ជាង​យ៉ាង​ណា​ទៅ។

8 សំណូក​រាប់​ដូច​ជា​ត្បូង​មាន​ដំឡៃ​ដល់​អ្នក​ណា​ដែល​មាន ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ គង់​តែ​សំរេច​ការ​បាន។

9 អ្នក​ណា​ដែល​គ្រប​បាំង​សេចក្តី​កំហុស​របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក​សេចក្តី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្រ​សំឡាញ់​បាក់​បែក​គ្នា​វិញ។

10 ពាក្យ​បន្ទោស​តែ​១​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត​របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ​១០០​រំពាត់​ទៅ​ទៀត។

11 មនុស្ស​ខូច​អាក្រក់ គេ​រក​តែ​បះ‌បោរ​ម្យ៉ាង​ប៉ុណ្ណោះ ដូច្នេះ នឹង​ត្រូវ​មាន​អ្នក​បំរើ​យ៉ាង​សាហាវ ចេញ​មក​ទាស់​នឹង​គេ។

12 ស៊ូ​ឲ្យ​ប្រទះ​នឹង​មេ​ខ្លា‌ឃ្មុំ​ដែល​បាត់​កូន នោះ​គ្រាន់​បើ​ជាង​ប្រទះ​នឹង​មនុស្ស​ល្ងី‌ល្ងើ ដែល​កំពុង​តែ​ប្រព្រឹត្ត​ការ​ចំកួត​របស់​ខ្លួន។