សុភាសិត 22:21-27 KHOV

21 ប្រយោជន៍​ឲ្យ​ឯង​បាន​ដឹង​ថា ពាក្យ​ដ៏​ពិត​ទាំង​ប៉ុន្មាន​គួរ​ទុក​ជា​ប្រាកដ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​នាំ​ពាក្យ​ដ៏​ពិត​នោះ ត្រឡប់​ទៅ​ជា​ជូន​ពួក​អ្នក ដែល​ចាត់​ឯង​មក។

22 កុំ​ឲ្យ​កេង​យក​របស់​នៃ​មនុស្ស​ក្រ ដោយ​ព្រោះ​តែ​គេ​ក្រ​ឡើយ ក៏​កុំ​ឲ្យ​សង្កត់‌សង្កិន​មនុស្ស​វេទនា​នៅ​ត្រង់​ទ្វារ​ក្រុង​ដែរ

23 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​កាន់​ក្តី​ជំនួស​អ្នក​នោះ ហើយ​ទ្រង់​នឹង​រឹប​យក​ជីវិត​ពួក​អ្នក​ដែល​រឹប​យក​របស់​គេ​ដែរ។

24 កុំ​ឲ្យ​ចង​ជា​មិត្រ​នឹង​មនុស្ស​ណា​ដែល​អាសា​ខឹង​ឡើយ ក៏​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​មនុស្ស​មួម៉ៅ​ដែរ

25 ក្រែង​ឯង​ទំលាប់​តាម​អំពើ​របស់​គេ ហើយ​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​ព្រលឹង​ឯង។

26 កុំ​ឲ្យ​ឯង​ចូល​ក្នុង​ពួក​អ្នក​ដែល​ចាប់​ដៃ​គ្នា ឬ​ជា​មួយ​នឹង​មនុស្ស​ដែល​ធានា​បំណុល​ឲ្យ​គេ​ឡើយ

27 បើ​ឯង​គ្មាន​អ្វី​នឹង​សង​គេ នោះ​ចង់​ឲ្យ​គេ​មក​កន្ត្រាក់​យក​គ្រែ​ពី​ក្រោម​ឯង​ទៅ​ធ្វើ​អី។