សុភាសិត 22:4-10 KHOV

4 ផល​នៃ​សេចក្តី​សុភាព និង​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត។

5 នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​វៀច នោះ​មាន​សុទ្ធ​តែ​បន្លា ហើយ​នឹង​អន្ទាក់ អ្នក​ដែល​រក្សា​ព្រលឹង​ខ្លួន នឹង​ចៀស​ឆ្ងាយ​ពី​នោះ​ចេញ។

6 ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះ‌បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់។

7 មនុស្ស​អ្នក​មាន​គេ​គ្រប់‌គ្រង​លើ​ពួក​អ្នក​ក្រ ហើយ​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ។

8 អ្នក​ណា​ដែល​សាប‌ព្រោះ​សេចក្តី​ទុច្ចរិត នោះ​នឹង​ច្រូត​បាន​សេចក្តី​ទុក្ខ‌ព្រួយ ហើយ​ដំបង​នៃ​សេចក្តី​កំហឹង​របស់​អ្នក​នោះ​នឹង​សាប‌សូន្យ​ទៅ។

9 អ្នក​ណា​ដែល​មើល​គេ​ដោយ​ចិត្ត​ល្អ នោះ​នឹង​បាន​ពរ ដ្បិត​អ្នក​នោះ​រមែង​ចែក​អាហារ​ខ្លួន​ដល់​មនុស្ស​ទាល់​ក្រ។

10 ចូរ​បណ្តេញ​មនុស្ស​ដែល​ចំអក​មើល‌ងាយ នោះ​សេចក្តី​ទាស់‌ទែង​គ្នា​នឹង​បាត់​ទៅ អើ សេចក្តី​ឈ្លោះ​ប្រកែក​នឹង​សេចក្តី​ត្មះ‌តិះដៀល​នឹង​ស្ងប់​ទៅ​ដែរ។